បើទោះបីជាកំពុងតែស្ថិតនៅក្រោមការដាក់ទណ្ឌកម្មយ៉ាងខ្លាំងក៏ដោយ ក៏ប្រទេសកូរ៉េខាងជើង បានប្តេជ្ញាចិត្តថានឹងហ្វឹកហាត់កីឡាករបាល់ទាត់ជំនាន់ក្រោយរបស់ខ្លួនឲ្យក្លាយទៅជាកំពូលតារា បាល់ទាត់ដែលមានសមត្ថភាពលេងល្អជាងLionel Messiខ្សែប្រយុទ្ធកំពូលរបស់ពិភពលោកទៅទៀត។
ក្រោយពេលបើកសាលាបាល់ទាត់ឈ្នោះPyongyang International Football Schoolកាលពីឆ្នាំ២០១៣មករួចមក កូរ៉េខាងជើងក៏បានដាក់កំណត់គោលដៅរបស់ខ្លួនធ្វើយ៉ាងណាឲ្យក្លាយទៅជា ប្រទេសមហាអំណាចក្នុងវិស័យបាល់ទាត់មួយរបស់ពិភពលោកផងដែរ។
បច្ចុប្បន្នប្រទេសកូរ៉េខាងជើងកំពុងតែឈរលំដាប់លេខរៀងទី១២៦ពិភពលោក ដោយស្ថិតនៅ ឆ្ងាយពីបណ្តាលប្រទេសអាស៊ីដូចគ្នាដូចជាជប៉ុន កូរ៉េខាងត្បូង និងចិន។ ប៉ុន្តែពួកគេបានបំផុសគំនិត ថានឹងបង្កើតកីឡាករល្អៗជាងកីឡាករLionel Messiតារាបាល់ទាត់ក្លិបBarcelonaដើម្បីជួយប្រទេស កូរ៉េខាងជើងឈ្នះពានរង្វាន់ធំៗនៅលើពិភពលោក។
លោកRi Yu-Ilគ្រូបង្វឹកមួយរូបនៅក្នុងសាលាបាល់ទាត់នៃទីក្រុងព្យុងយ៉ាងបាននិយាយប្រាប់អ្នកសារពត័មានពេលកំពុងបង្វឹកថាថា “យើងកំពុងតែហ្វឹកហាត់ដល់សិស្សដើម្បីក្លាយទៅជាកីឡាករដែលមានទេពកោសល និងជំនាញខ្លាំងជាងកីឡាករល្បីៗរបស់ពិភពលោកដូចជាLionel Messiជាដើម។បច្ចុប្បន្នយើងកំពុងតែ ខ្លាំងនៅអាស៊ីហើយនៅថ្ងៃអណាគតយើងសង្ឃឹមថាយើងអាចជាជើងខ្លាំងរបស់ពិភពលោក។”
ចំណែកលោកJorn Andersonគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងជើងវិញពុំសូវមានគំនិតសុទិដ្ឋិនិយមចំពោះការកំណត់គោលដៅបែបនេះឡើយ។ គាត់បានថ្លែងថា “ខ្ញុំគិតថាពួកគេមិនអាចបង្កើតឲ្យមានកីឡាករល្អៗដូចជា Lionel Messiបានទេប៉ុន្តែពួកគេអាចក្លាយទៅជាកីឡាករនៅអាស៊ី។ នៅទីនេះមានកីឡាករល្អៗច្រើនប៉ុន្តែពួកគេមិនអាចចេញទៅក្រៅប្រទេសបានឡើយ។ ប្រសិនបើពួកគេនៅតែក្នុងប្រទេសពួកគេ មិនអាចក្លាយទៅជាកីឡាករល្អរបស់ពិភពលោកបានទេ ៕