ខេត្តកំពង់ចាម៖ រឿងរ៉ាវកាលពីប៉ុន្មានថ្ងៃមុន ដែលយុវជនម្នាក់បើកទ្វារបន្ទប់កូនក្រមុំគេទៅដេកជាមួយគ្នា ហើយត្រូវម្តាយមីងខាងស្រីចាក់សោបន្ទប់ចាប់ប្រគល់ឲ្យសមត្ថកិច្ចនោះ ពេលនេះត្រូវសាលាដំបូងខេត្តកំពង់ចាមសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនហើយ ។
ករណីកំលោះក្រមុំមួយគូនៅផ្ទះក្បែរគ្នា បានចាប់ចិត្តស្រឡាញ់គ្នាទៅវិញទៅមករហូតដល់យុវជនជាកូនកំលោះឲ្យអាណាព្យាបាលចូលសួរអាណាព្យាបាលម្តាយខាងស្រី តែមិនទាន់បានភ្ជាប់ពាក្យអស់រយៈពេល២ឆ្នាំ ធ្វើឲ្យពួកគេទាំងពីរបានក្បត់ប្រពៃណី លួចរួមរ័កស្នេហាក្នុងបន្ទប់កូនក្រមុំ តែត្រូវបែកធ្លាយដល់ម្តាយមីងប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកស្រិ បែរ ណៃហេង ចៅក្រមស៊ើបសួរសាលដំបូងខេត្តកំពង់ចាមបានចេញដីកាលេខ ៧១៤បង្គាប់ឲ្យឃុំខ្លួនអ្នកទោសស្នេហាឈ្មោះ វ៉ា រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិ-ឃុំ-ស្រុកបាធាយ ខេត្តកំពង់ចាម ពីបទរំលោភសេពសន្ធវៈដាក់ពន្ធនាគាររង់ចាំសវនាការវិនិច្ឆ័យទោស ។
តាមសម្តីនារីរងគ្រោះអាយុ១៦ឆ្នាំរស់នៅភូមិ ឃុំជាមួយគ្នាបានឲ្យដឹងថា សព្វថ្ងៃ នាងរស់នៅជាមួយម្តាយមីង និងប្អូនប្រុសម្នាក់ នៅផ្ទះជាមួយគ្នា ព្រោះម្តាយឪពុកបង្កើតទៅធ្វើការនៅខេត្តព្រះវិហារ ។ នាងបន្តថា នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នាងបាទៅលេងវត្តក្នុងភូមិមើលគេរៀបចំពិធីអកអំបុក សំពះព្រះខែរហូតដល់ម៉ោងប្រហែល២៣ នាងបានត្រឡប់មកផ្ទះវិញដេកក្នុងបន្ទប់ជាមួយប្អូនប្រុស រីឯម្តាយមីងដេកក្នុងបន្ទប់ទល់មុខគ្នា ។
នាងបន្តថា នៅវេលាពាក់កណ្តាលអធ្រាត្រ យប់ថ្ងៃដដែល ស្រាប់តែឃើញឈ្មោះ វ៉ា រដ្ឋា រស់នៅភូមិជាមួយគ្នាបានចូលមកដេកក្នុងបន្ទប់ជាមួយនាង ហើយបានគំរាមមិនឲ្យនាងស្រែក បើហ៊ានស្រែកបែកការ នាងនិងប្អូនប្រុសមានគ្រោះថ្នាក់ ។
នាងបញ្ជាក់ថា នៅយប់នោះ រដ្ឋា បានរំលោភសេពសន្ធវៈលើនាងបានសម្រេច២លើក ។ លុះពេលជិតភ្លឺ រដ្ឋា បានបើកទ្វារបម្រុងទៅផ្ទះ តែបើកមិនរួច ដោយត្រូវម្តាយមីងរបស់នាងចាក់សោពីខាងក្រៅ ។
លុះភ្លឺឡើង ម្តាយរបស់រដ្ឋា បានឲ្យប្អូនជីដូនមួយរបស់នាងកាត់សោ បើកទ្វារឲ្យរដ្ឋា ទៅផ្ទះវិញ ក្នុងពេលដែលម្តាយមីងរបស់នាងមិនដឹងទៅណា ។
តាមចម្លើយរបស់ឈ្មោះ វ៉ា រដ្ឋា បានប្រាប់ថា នៅយប់ ថ្ងៃកើតហេតុ ខ្លួននឹងនាងបានស្មោះស្ម័គ្ររូមភេទជាមួយគ្នាបានសម្រេច២លើក ហើយត្រូវម្តាយមីងរបស់នាងដឹង ក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង ។ យុវជន វ៉ា រដ្ឋា បានបញ្ជាក់ថា ខ្លួនមិនបានរំលោភលើនាងនោះទេ គឺបើនាងមិនបើកទ្វារផ្ទះ ទ្វារបន្ទប់ទេ តើខ្លួនធ្វើម្តេចចូលដេកជាមួយនាងចូលបន្ទប់បាន ។
បើទោះជាយ៉ាងណាក៏ដោយ សាលាដំបូងបានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នរង់ចាំស៊ើបអង្កេតជាបន្ត ៕ នួន នរិន្ទ្រន៍