ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរ និងមោទនភាពដែលកញ្ញា ហង្ស ម៉ារីតា ទទួលបានចំណាត់ថ្នាក់លេខ៣ពីការប្រកួត កញ្ញាឯកទេសចរណ៍អន្តរជាតិឆ្នាំ២០១៦

ចែករំលែក៖

ភ្នំពេញ៖ កម្មវិធីព្រឹត្តិការណ៍ប្រឡងបវរកញ្ញាទេសចរណ៍អន្តរជាតិឆ្នាំ២០១៦ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ លើកដំបូងបានបញ្ចប់ហើយ កាលពីរាត្រីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ក្រោ មការចូលរួមប្រកួតពីកញ្ញាឯក មកពីប្រទេស៤១ នៅលើពិភពលោកចូលរួម ។ ជាមោទភាព ដែល កញ្ញាហង្ស ម៉ារីតា របស់កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៣ ពីការប្រកួតខាងលើ ខណៈដែលចំណាត់ថ្នាក់ទី១បានទៅលើកញ្ញាឯកមកពីប្រទេសថៃ ។

ព្រឹត្តិការណ៍នៃការប្រកួតផ្តាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនាថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០១៦ ជាមួយនឹងការរៀបចំពីសំណាក់អ្នកជំនាញជាតិ និងអន្តរជាតិរួមគ្នាធ្វើឡើងបានចូលរួមចំណែកក្នុងការលើកកម្ពស់កិត្យានុភាពមុខមាត់របស់កម្ពុជា លើឆាកអន្តរជាតិពិសេសទាក់ទងនឹងវិស័យទេសចរណ៍ និងវប្បធម៌ ។

ចំណាត់ថ្នាក់លេខមួយ ត្រូវបានធ្លាក់ទៅលើកញ្ញាឯកមកពីព្រះរាជាណាចក្រថៃ លេខ២ បានទៅលើកញ្ញា ឯកមកពីប្រទេសហ្វីលីពីន ចំណាត់ថ្នាក់លេខ៣បានមកលើកញ្ញា ហង្ស ម៉ារីតា របស់កម្ពុជា លេខ៤បានទៅលើកញ្ញាឯកមកពីប្រទេស កូស្តារីកា និងចំណាត់ថ្នាក់លេខ៥ បានទៅលើកញ្ញាឯកមកពីប្រទេសចិន។

សម្រាប់តំណែងបវរកញ្ញាតំណាងអោយកម្ពុជា គឺកញ្ញាហង្ស ម៉ារីតា មានអាយុ១៨ឆ្នាំ មានស្រុកកំណើតនៅរាជធានីភ្នំពេញ នាងមានកម្ពស់១,៦៤ម៉ែត្រ ហើយនាងគឺជានិស្សិតផ្នែកមុខជំនួញនៃសាកលវិទ្យាល័យមួយនៅកម្ពុជា។

ក្រៅពីរូបសម្រស់ស្រស់សោភា នាងបានបង្ហាញខ្លួនជាមួយនឹងឈុតសម្លៀកបំពាក់អ្នករបាំអប្សរា និងសម្លៀកបំពាក់ប្រពៃណីខ្មែរបានទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីមហាជន ពិសេសនាងមានភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសាអង់គ្លេសផងដែរ ។

ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានកញ្ញា ហង្ស មារីតា បានបង្ហាញពីក្តីរំភើបរីករាយ និងមោទនភាពក្រោយពីទទួលបានជ័យលាភីពីការប្រកួតជាលក្ខណៈអន្តរជាតិនេះ។ កញ្ញា នៅមិនទាន់ដឹងនៅឡើយទេថា តើនាងនឹងត្រូវបំពេញកិច្ចការងារអ្វីខ្លះ ប៉ុន្តែអ្វីដែលនាងចង់ធ្វើគឺការចូលរួមចំណែកផ្សព្វផ្សាយសិល្បៈវប្បធម៌ និងមុខមាត់ប្រទេសកម្ពុជាក្នុងឆាកអន្តរជាតិ ។

ជាមួយគ្នានេះ នាងសូមថ្លែងអំណរគុណចំពោះប្រជាជនកម្ពុជា ដែលបានគាំទ្រនិងលើកទឹកចិត្តនាងសម្រាប់ការចូលរួមប្រកួតកញ្ញាឯកទេសចរណ៍ឆ្នាំ២០១៦នេះ ដែលតាមរយៈជ័យលាភីនេះ នឹងជាមុខមាត់របស់ស្រ្តីកម្ពុជាផងដែរ។

លោកTan Sri Datuk Danny Ooi អ្នកគ្រប់គ្រងកម្មវិធីនេះ បានលើកឡើងថាកម្ពុជាមានប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង របស់ខ្មែរ ហើយលោកនឹកគិតទៅដល់ការបង្កើតឲ្យមានព្រឹត្តិការណ៍ប្រឡងបវរកញ្ញាទេសចរណ៍នេះនៅកម្ពុជា។

លោកបញ្ជាក់ថា ប្រទេសកម្ពុជាក៏ជាប្រទេសដែលស្រស់ស្អាតសម្បូរបែបដោយវប្បធម៌ ហើយលោកចង់ឲ្យវប្បធម៌ដ៏ល្អនេះ ត្រូវបានផ្សព្វផ្សាយពាលពេញពិភពលោក ។ កាលពីថ្ងៃទី១១ ខែវិច្ឆិកានេះ កញ្ញាឯកតំណាងនៃប្រទេសនីមួយៗ រួមទាំងកម្ពុជានឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទឹកដីអង្គរ នៃខេត្តសៀមរាបដើម្បីឲ្យពួកគេបានទស្សនា និងបានស្គាល់ពីសម្បត្តិវប្បធម៌ដ៏ល្អរបស់កម្ពុជា ។

លោកលើកឡើងដែរថា បវរកញ្ញាតំណាងឲ្យប្រទេសចំនួន៤១ បានមកដល់កម្ពុជាចាប់ពីថ្ងៃទី៦ ខែវិច្ឆិកាមកម្ល៉េះ ដើម្បីចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជាក្រោមប្រធានបទ កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ បូករួមទាំងការងារសប្បុរសធម៌មួយចំនួនផងដែរ ។

លោកបន្តថាក្នុងរយៈពេលនៃការធ្វើដំណើរនេះពួកគេនឹងបានស្វែងយល់ពីគ្នាទៅវិញទៅមកមុនពេលការប្រកួតផ្តាច់ព្រ័ត្រត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសណ្ឋាគារណាហ្គាវើល ដោយមានការផ្សាយបន្តផ្ទាល់ពីទូរទស្សន៍បាយ័នផងដែរ។

នេះជាវេទិកាទី១ ដែលមានការចាប់អារម្មណ៍នៅពាសពេញពិភពលោកដោយបេក្ខនារីតំណាងប្រទេសនីមួយៗ សុទ្ធតែបានពាំនាំនូវវប្បធម៍យ៉ាងសំបូរបែបនៅលើវេទិកាអមដោយសំលៀកបំពាក់ម៉ូដប្លែកៗ តំណាងវប្បធម៌របស់ខ្លួនដើម្បីប្រកួតប្រជែង។

គួរបញ្ជាក់ដែរថា បេក្ខនារីតំណាងប្រទេសនីមួយៗ មិនមែនត្រឹមតែបង្អួតសម្រស់ប៉ុណ្ណោះទេ តែក៏ត្រូវបង្ហាញចំណេះដឹង និងជំនាញទេពកោសល្យរៀងៗខ្លួនលើឆាកអន្តរជាតិ ។ ព្រឹត្តការណ៍នេះ បានទាក់ទាញអ្នកទេសចរណ៍ពីការផ្សព្វផ្សាយរបស់បណ្ដាញសារព័ត៌មានធំៗនិងបង្ហាញពីមុខមាត់របស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិផងដែរ ៕ វឌ្ឍនា

img_5438 img_5460 img_5476 img_5502 img_5540 img_5542 img_5556 img_5577 img_5594 img_5622 img_5626 img_5638 img_5652 img_5663 img_5681 img_5701 img_5704 img_5743


ចែករំលែក៖