ខេត្តរតនគិរី៖ នៅសាលមហោស្រពសម្តេចអគ្គមហាសេនាតេជោហ៊ុន សែន នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង នាយការិយាល័យអធិការ អធិការរង៩ក្រុងស្រុក ប្រមាណជិត២០០នាក់ ។
លោកវរសេនីយ៍ឯក ឆេង សុភា នាយការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានអានរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិដែលបានផ្ទេរភារៈកិច្ចតែងតាំងនិងបំពាក់ឋានន្តរស័ក្តិដល់មន្ត្រីនគរបាលជាតិនៃស្នងការនគរបាលខេត្តរតនគិរីរួចមក។
លោកឧត្តមសេនីយ៍ត្រី ងួន គឿន ស្នងការនគរបាលខេត្តរតនគិរីក៏បានបំពាក់ឋានន្តរស័ក្តិដល់មន្ត្រីនគរបាលជាតិចំនួន១៤១នាក់ ស្រី១៤នាក់ ក្នុងនោះមានអនុសេនីយ៍ឯកចំនួន១២នាក់ អនុសេនីយ៍ទោចំនួន៣៣នាក់ ស្រី៣នាក់ អនុសេនីយ៍ត្រី២៦នាក់ ស្រី២នាក់ ព្រិន្ទបាលឯក៣៥នាក់ ស្រី៥នាក់ ព្រិន្ទបាលទោ២០នាក់ ស្រី២នាក់ ពលបាលឯក១៣នាក់ ស្រី១នាក់ ពលបាលទោ៣នាក់ ស្រី១នាក់ និងប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងដល់មន្ត្រីនគរបាលចំនួន៣២នាក់ ស្រី៤នាក់ ក្នុងនោះមាននាយផ្នែកចំនួន១៣នាក់ ស្រីម្នាក់ នាយប៉ុស្តិ៍រដ្ឋបាល១នាក់ នាយរងផ្នែកចំនួន១៣ ស្រី១នាក់។
លោកឧត្តមសេនីយ៍ត្រី ងួន គឿន បានក្រើនរំលឹកដល់មន្ត្រីដែលបានទទួលមុខតំណែងថ្មី និងបំពាក់ឋានន្តរស័ក្តិត្រូវតែយកចិត្តទុកដាក់ការងារគ្រប់គ្រងកម្លាំងរឹតបន្តឹងការអនុវត្តវិន័យលុបបំបាត់ភាពអសកម្មនានា ត្រូវចេះប្រមូលផ្តុំកម្លាំងបំពេញភារៈកិច្ចតាមជំនាញអោយមានគុណភាព ជាកងកម្លាំងដែលមានមុខវិជ្ជាជីវៈ និងមានសេចក្តីថ្លៃថ្នូរបង្ករបានភាពជឿទូកចិត្តពីប្រជាពលរដ្ឋក្នុងការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងធ្វើឲ្យមានភាពកក់ក្តៅជូនប្រជាពលរដ្ឋ។
លោកបន្តថាកងកម្លាំងទាំងអស់ត្រូវតែយកចិត្តទុកដាក់ពង្រឹងបង្កើនសមត្ថភាព លទ្ធភាពឆ្លើយតបតាមទិសដៅការងារ និងសកម្មភាពការងារថ្មីប្រកបដោយប្រសិទ្ធិភាព និងបន្តអនុវត្តគោលនយោបាយចំពោះមន្ត្រីតាមរយៈស្នើរលិខិតប័ណ្ណមេដាយលើសរសើរតម្លើងឋានន្តរស័ក្តិ(និយ័តកម្មស័ក្តិ) តែងតាំងមុខតំណែងជូនដល់មន្ត្រីនគរបាលដែលមានគុណសម្បត្តិ៕ វុទ្ធឦសាន