ភ្នំពេញ៖ ក្រុមកីឡាករបាល់ទាត់កម្ពុជា ត្រូវជួបជាមួយម៉ាឡេស៊ីនៅថ្ងៃបើកការប្រកួតវគ្គជម្រុះក្នុងពូលBនៃព្រឹត្តិការណ៍ពាន រង្វាន់ AFF Suzuki Cup 2016 នាថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះលើទីលាន កីឡដ្ឋាន Wunna Theikdi Stadium ក្នុង ក្រុងណៃពិដោ។ កន្លងទៅក្រុមជម្រើសជាតិកម្ពុជាធ្លាប់ទទួលរងការដាក់សម្ពាធយ៉ាងខ្លាំងនិងធ្វើឲ្យកីឡាករគ្រប់រូបព្រមទាំងគ្រូបង្វឹកចងចាំក្នុងចិត្តជានិច្ចក្នុងជំនួបមិត្តភាព ប៉ុន្តែជំនួបលើកនេះអ្នកឈ្នះបានឡើង រីឯអ្នកចាញ់ទំនងជាធ្លាក់ហើយ ។
តាមទម្លាប់របស់លោក Lee Tea Hoon គ្រូជម្រើសជាតិកម្ពុជា តែងតែប្រើរូបមន្ត ៣-៥-២ ដែលជាហេតុធ្វើឲ្យខ្សែប្រយុទ្ធ ចំនួន៤នាក់មានកីឡាករ ឃួន ឡាបូរ៉ាវី, ប្រាក់ មុន្នីឧត្តម, កែវ សុខផេង និង ចាន់ វឌ្ឍនាកា អាចជំនួសគ្នានៅតំបន់ប្រយុទ្ធហើយឈានទៅដណ្តើមយកកៅអីវគ្គជម្រុះក្នុងេពលដែលមានត្រឹម២កៅអីប៉ុណ្ណោះ ប្រសិនបើបាត់កីឡាករសំខាន់ណាម្នាក់នៅតំបន់គ្រោះថ្នាក់នេះទំនងជាលំបាកបន្តិចហើយសម្រាប់កម្ពុជា។
ក្រុមជម្រើសជាតិកម្ពុជានឹងប្រកួតបើកឆាកវគ្គជម្រុះពូល B ជាមួយក្រុមម៉ាឡេស៊ី នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ខណៈ លើកទី២ប្រកួតនៅថ្ងៃទី២៣ ខែវិច្ឆិកាដគឺក្រុមជម្រើសជាតិកម្ពុជាត្រូវប៉ះក្រុមម្ចាស់ផ្ទះ មីយ៉ាន់ម៉ានៅវេលាម៉ោង៦ល្ងាចនិងប្រកួតចុងក្រោយកម្ពុជាត្រូវប៉ះក្រុមជម្រើសជាតិវៀតណាម នៅវេលាម៉ោង៦ល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នៅទីលានខាងលើ ។
សូមរំលឹកថា ប្រវត្តិប្រកួតរវាងក្រុម ម៉ាឡេស៊ី ៥ប្រកួតចុងក្រោយ ឈ្នះ១ ស្មើ ៣ ចាញ់១ ។ចំណែកកម្ពុជា ៥ប្រកួត ចុងក្រោយ ឈ្នះ៤ ចាញ់១។ ជំនួប៣ប្រកួត ចុងក្រោយម៉ាឡេសីុ 4 -1 កម្ពុជា (20/09/14) (ជំនួបមិត្តភាព) ម៉ាឡេសីុ 2 – 1 កម្ពុជា (2/10/12) (ជំនួបមិត្តភាព) ម៉ាឡេសីុ 6 – 0 កម្ពុជា (18/06/07) (ជំនួបមិត្តភាព) ។ ចំពោះប្រវត្តិប្រកួតមិនធ្លាប់ឈ្នះម៉ាឡេស៊ី របស់ក្រុមជម្រើសជាតិកម្ពុជានេះបានធ្វើ ឲ្យគ្រូបង្វឹកលោក Lee ចងចាំក្នុងចិត្តជា និច្ច។ ប៉ុន្តែផ្ទុយទៅវិញគ្រូជម្រើសជាតិម៉ាឡេស៊ីនៅតែចិញ្ចឹមចិត្តបំបាក់ក្រុមជម្រើសជាតិកម្ពុជា ដដែលដើម្បីខ្លួនបានឡើងទៅ វគ្គផ្តាច់ព្រ័ត្រ ៕ សារីម