ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មន្ត្រីមន្ទីរកសិកម្មខេត្តកំពង់ស្ពឹជ្រួលច្របល់

ចែករំលែក៖

ក្រោយការដកតំណែងប្រធានមន្ទីរចាស់ រង់ចាំប្រធានមន្ទីរថ្មីឡើងមកដល់ ក្រុមមន្ត្រីនៅក្នុងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺកំពុងជ្រួលច្របល់ ។ ជ្រួលច្របល់ ក៏ព្រោះតែក្រុមមន្ត្រីនៅក្នុងមន្ទីរនេះលេចឮថា ប្រធានថ្មី គឺជាជើងខ្លាំងខាងកាប់ដាវ និងពូកែស្វែងរកលាភសក្ការ ។ ប្រធានចាស់ ជាមនុស្សមានជំនាញមឹៈៗ មិនសូវមាត់ មិនសូវក ទើបបានជាត្រូវគេដក ហើយដាក់អ្នកមានវោហា ពូកែរកប្រាក់ជំនួសវិញ ។

លោកឈៀង តុលា អតីតនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងត្រូវគេអះអាងថា នឹងមកកាន់តំណែងជាប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺនៅគ្រាដែលគេដឹងថា វិសាលភាពបទល្មើសព្រៃឈើនៅខេត្តកំពង់ស្ពឺនៅតែបន្តកើតមានជារៀងរាល់ថ្ងៃនោះ ។ ដូចដែលគេដឹងហើយថា លោកឈៀត តុលា ជាមន្ត្រីខ្លាំងពូកែម្នាក់ក្នុងការបង្ក្រាបបទល្មើសព្រៃឈើនៅឯខេត្តស្ទឹងត្រែង ។ គាត់មិនមានជំនាញខាងកសិកម្ម (ស្រែ, ចម្ការ, សត្វធាតុ ឬត្រីសាច់) អ្វីនោះទេ ។ អ្វីដែលជាជំនាញរបស់លោក ឈៀង តុលា គឺព្រៃឈើ ។ សម្រាប់ខេត្តកំពង់ស្ពឺនៅតែមានឈើដែលជនល្មើស កំពុងកាប់រានជារៀងរាល់ថ្ងៃ ។

ក្រុមមន្ត្រីនៅខេត្តកំពង់ស្ពឺដែលធ្លាប់សុខសាន្តជាមួយមេចាស់ ពេលនេះកំពុងតែព្រួយបារម្ភ ប្រឈមនឹងបញ្ហា នៅពេលដែលលោកឈៀង តុលា មកកាន់តំណែង ។ ម្នាក់ៗកំពុងដេកបុកពោះ ព្រោះធ្លាប់សុខសាន្តនាគ្រាកន្លងមក តើមិនដឹងថា មេថ្មីមានកំណែទម្រង់យ៉ាងណានោះទេ? ក្រុមមន្ត្រីទាំងនោះបាននិយាយថា ពួកគេធ្លាប់ឮថ្នាក់ដឹកនាំ និយាយថា ត្រូវលើកអ្នកនៅនឹងកន្លែងឲ្យកាន់តំណែង ដោយមិនយកអ្នកខាងក្រៅមកទេ ។ ប៉ុន្តែសម្រាប់កន្លែងពួកគេដូចជារាងប្លែកពីអនុសាសន៍របស់ថ្នាក់ដឹកនាំ ៕

 


ចែករំលែក៖