ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ អំណាចរបស់មេដឹកនាំសហរដ្ឋអាមេរិកគ្រប់ជំនាន់ស្ថិតនៅលើ «វ៉ាលិសបរមាណូ»

ចែករំលែក៖

ចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ទៅប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ នឹងបន្តគ្រប់គ្រងលេខសម្ងាត់ «កូនសោរ វ៉ាលិសបរមាណូ» ហើយមានសិទ្ធិពេញ លេញក្នុងការបញ្ជាគ្រាប់បែកបរមាណូ របស់អាមេរិកទៅគ្រប់ទិសទីជុំវិញពិភពលោក។

ក៏ដូចជាប្រធានាធិបតីអាមេរិកផ្សេងៗទៀតដែរ អ្នកដែលនៅកៀកលោក ដូណាល់ ត្រាំ គ្រប់ពេលទាំងនៅលើរថយន្តនៅលើយន្តហោះនៅក្រៅប្រទេសបានយួរវ៉ាលិសបរមាណូទៅតាមជាប់ជានិច្ច។ ដោយសារតែមេដឹកនំាអាមេរិកតែមួយគត់មានសិទ្ធិ បញ្ជាវាយប្រហារដោយបរមាណូផ្ទាល់។

មេដឹកនាំអាមេរិកគ្រប់ជំនាន់មានពេលវេលាតែ១៥នាទី ប៉ុណ្ណោះក្នុងការសម្រេច ចិត្តវាយប្រហារដោយគ្រាប់បែកបរមាណូដែរឬទេ ហើយការសម្រេចទាំងនោះគឺ សម្រេចដោយឯករាជ្យមិនស្ថិតនៅក្រោមគំនាបបណាមួយ នោះទេ ពោលគឺមិនបាច់ឆ្លងកាត់ការអនុម័តរបស់សភាឡើយ។

បច្ចុប្បន្នលេខសម្ងាត់បរមាណូស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី អូបាម៉ានៅឡើយ ហើយនឹងផ្ទេរទៅឲ្យលោក ដូណាល់ ត្រាំ នាថ្ងៃស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិក។ មនុស្សជាច្រើន មានអារម្មណ៍មិនល្អនោះឡើយក្រោយពេល ដែលលោក ដូណាល់ ត្រាំ គ្រប់គ្រងសិទ្ធិប្រើប្រាស់បរមាណូ។ ប្រធានាធិបតី អូបាម៉ា បានបញ្ជាក់ថា «ធ្វើយ៉ាងណាទើបយើងអាច ជឿជាក់ដើម្បីប្រគល់វ៉ាលិសបរមាណូឲ្យលោក ត្រាំ ?» ការប្រកាសបែបនេះធ្វើឡើង នៅក្នុងពិធីមិទ្ទីងមួយនៅការ៉ូលីណា។

ការណ៍ដែលអ្នកនយោបាយអាមេរិកព្រួយបារម្ភនោះគឺចិត្តឆេវឆាវរបស់លោកត្រាំ អាចនឹងបញ្ជាការវាយប្រហារដោយគ្រាប់បែកបរមាណូទៅលើប្រទេសណាដែល លោកចាត់ទុកថា ជាសត្រូវរបស់អាមេរិក។ តើលោក ត្រាំ អាចនឹងចុកកុងតាក់ក្នុងវ៉ាលិស បរមាណូតាមតែអំពើចិត្តដែរឬទេពេលឡើង កាន់អំណាច?

វ៉ាលិសស្បែកពណ៌ខ្មៅដ៏អាថ៌កំបាំងបាន ដើរតាមប្រធានាធិបតីអាមេរិកនៅគ្រប់ ទិសទីជុំវិញពិភពលោក ហើយវ៉ាលិសនោះ គឺជាកុងតាក់បញ្ជាគ្រាប់បែកបរមាណូដែល អាចបញ្ជាបានពីគ្រប់ទិសទីនៅជុំវិញពិភពលោក។

«មិនត្រូវទុកឲ្យគាត់ដាក់ដៃលើកុងតាក់នោះទេ» ទាំងនេះគឺជាការប្រកាសរបស់ បេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យលោកស្រី ហ៊ីលឡារី គ្លីនតុន។ ចំណែកមហាសេដ្ឋី ដូណាល់ ត្រាំ វិញបញ្ជាក់ថា «ខ្ញុំជាមនុស្សចុងក្រោយដែលប្រើប្រាស់គ្រាប់បែកបរមាណូ»។

រឿងរ៉ាវពីឃ្លាំងអាវុធប្រល័យលោកដែល អាចសម្លាប់មនុស្សយ៉ាងតិច២ពាន់លាននាក់ក៏ដូចជាសិទ្ធិក្នុងការបញ្ជាគ្រាប់បែក បរមាណូនោះស្ថិតនៅក្នុងដៃប្រធានាធិបតី គឺជាប្រធានបទក្តៅក្នុងការពិភាក្សានៅ ទូទាំងអាមេរិក។

លេខសម្ងាត់កុងតាក់បញ្ជាគ្រាប់បែក បរមាណូស្ថិតនៅក្នុងវ៉ាលិសពណ៌ខ្មៅផលិត ពីអាលុយមីញ៉ូមស្រោបស្បែកមានទម្ងន់ ២០គីឡូក្រាម។ ប្រធានាធិបតីអាមេរិក គ្រប់ជំនាន់គឺបាននាំទៅជាប់ខ្លួនជានិច្ចទោះជាទៅបំពេញទស្សនកិច្ចនៅទីណាក្តី។ វ៉ាលិសនោះត្រូវបានការពារនិងដឹកជញ្ជូនដោយមន្ត្រី៥រូប មកពី៥កងពលបរមាណូ។

អតីតអ្នកទទួលខុសត្រូវកាន់វ៉ាលិសបរមាណូសម្រាប់អតីតប្រធានាធិបតីប៊ីល គ្លីន តុន លោក Robert Patterson បញ្ជាក់ថា «គ្រប់ពេលយើងមានការព្រួយបារម្ភភ័យខ្លាចដោយក្នុងនោះអាចសម្លាប់ជីវិតមនុស្ស ជាង២ពាន់លាននាក់។ មន្ត្រីដែលកាន់វ៉ាលិសនោះទទួលការហ្វឹកហាត់ជាពិសេស ដើម្បីជួយប្រធានាធិបតីក្នុងពេលមាន សង្គ្រាមបរមាណូកើតឡើង។ ដើម្បីបញ្ជា បានប្រធានាធិបតីត្រូវប្រើប្រាស់កាតមួយមានលេខសម្ងាត់ដាក់ជាប់តាមខ្លួនជានិច្ចដើម្បីអាចបញ្ជាបាន។ វ៉ាលិសនោះត្រូវ បានគេឲ្យរហស្សនាមថា «ប៉េងប៉ោង» ចំណែកកាត់លេខសម្ងាត់ហៅថា «នំស្រួយ» វត្ថុទាំងពីរនោះគឺនៅជាប់ប្រធានាធិបតីជារៀងរហូតសូម្បីតែនៅក្នុងរថយន្តជណ្តើរ យន្ត ឧទ្ធម្ភាគចក្រ…។

លោក Bill Gulley អតីតប្រធានការិយាល័យយោធារបស់សេតវិមានបាន បញ្ជាក់ថា «កាត» និងវ៉ាលិសបានផ្ទុកនូវ ឯកសារសំខាន់ៗ៧៥ទំព័រ ក្នុងនោះមាន ជម្រើសក្នុងការវាយប្រហារបរមាណូតបតទៅលើសត្រូវ។ មានសៀវភៅបញ្ជាក់ពី ទីតាំងអាថ៌កំបាំងបំផុតសម្រាប់លាក់ខ្លួនប្រធានាធិបតីពេលមានអាសន្ន និងប្រព័ន្ធ ប្រកាសអាសន្នបន្ទាន់។

វ៉ាលិសបរមាណូខាងលើក៏បានទៅជាមួយលោកអូបាម៉ាទៅកាន់កន្លែងគោរព វិញ្ញាណក្ខន្ធអ្នករងគ្រោះដោយការទម្លាក់គ្រាប់បែកនៅហ៊ីរ៉ូស៊ីម៉ាពីអាមេរិក។

ប្រធានាធិបតីអាមេរិកក្តាបើសិទ្ធិបញ្ជាគ្រាប់បែកបរមាណូជាង២.០០០គ្រាប់ដែល បំពាក់នៅលើកាំជ្រួចមីស៊ីលឆ្លងទ្វីបត្រូវបាន ដាក់ពង្រាយនៅគ្រប់ទិសទីជុំវិញពិភពលោក។ មីស៊ីលបរមាណូទាំងនោះនឹងត្រូវបាញ់ចេញក្នុងរយៈពេលប៉ុន្មាននាទីក្រោយ ប្រធានាធិបតីបានបញ្ជាវាយប្រហារទៅគ្រប់ ទីកន្លែងលើភពផែនដី។ ក្នុងរយៈពេលតែ៣០នាទីបរមាណូទាំងនោះនឹងទៅដល់គោលដៅហើយមានការបំផ្លាញខ្លាំងជាងបរមាណូដែលទម្លាក់នៅហីុរ៉ូស៊ីម៉ាប្រទេសជប៉ុនកាលពី៧១ឆ្នាំមុនជាង២០ដង។

ដោយហេតុនោះហើយមេដឹកនាំអាមេរិក ចំាបាច់ត្រូវតែមានការអត់ធ្មត់ខ្ពស់បំផុត បើមានចិត្តឆេវឆៅនោះពិភពលោកនឹងធ្លាក់ ចូលក្នុងភាពចលាចល។

ទាំងនោះហើយបានជាអ្នកវិភាគនយោបាយអាមេរិកជាច្រើនរូបបញ្ជាក់ថា លោក ត្រាំ មិនអាចគ្រប់គ្រងលេខសម្ងាត់បរមាណូអាមេរិកបានឡើយមានន័យថា លោកមិនអាចក្លាយជាប្រធានាធិបតីអាមេរិកនោះទេ។

ក្នុងរយៈពេលខ្លីប៉ុណ្ណោះដែលលោកត្រាំបានក្លាយជាបេក្ខភាពប្រធានាធិបតីនោះលោកបានសួរ៣លើកមកហើយពី អាវុធបរមាណូរបស់អាមេរិក ដោយលោកបានសួរទៅអ្នកឯកទេសកិច្ចការបរទេសថា ហេតុអ្វីបានជាអាមេរិកមិនប្រើប្រាស់ អាវុធបរមាណូដែលខ្លួនមាននៅក្នុងដៃ។

ព័ត៌មានខាងលើត្រូវបានអ្នកដឹកនាំកម្មវិធីរបស់បណ្តាញទូរទស្សន៍ MSNBC លោក Joe Scarborough ទម្លាយនៅក្នុងបទ សម្ភាសន៍មួយជាមួយអតីតអគ្គនាយក CIA លោក Michael Hayden ដែលបាន ចាក់ផ្សាយនៅថ្ងៃទី៤ ខែសីហា។

លោក Joe Scarborough បានបញ្ជាក់ ថា «កាលពីប៉ុន្មានខែមុនអ្នកឯកទេសពីគោលនយោបាយការបរទេសបានជួប ពិភាក្សាជាមួយលោក ត្រាំ ហើយលោក បានសួរថា ហេតុអ្វីបានជាយើងមិនប្រើ ប្រាស់អាវុធបរមាណូដែលយើងមាន»។

សកម្មភាពខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋានដោយកន្លង មកមិនដែលមានបេក្ខភាពណាមួយសួរនាំពីអាវុធបរមាណូជាច្រើនលើកមុនពេល ក្លាយជាប្រធានាធិបតីនោះឡើយ។ ទាំងនោះហើយបានជាធ្វើឲ្យមានសំណួរជា ច្រើនចោទសួរថា តើលោក ត្រាំ នឹងប្រើប្រាស់អាវុធបរមាណូឬពេលលោកឡើងកាន់តំណែងជាប្រធានាធិបតី។

ទាំងនោះហើយបានធ្វើឲ្យអ្នកនយោ បាយអាមេរិកព្រួយបារម្ភទាំងអ្នកនយោ បាយនៅក្នុងបក្សសាធារណរដ្ឋនិងប្រជា ធិបតេយ្យមិនចង់ឲ្យលោក ត្រាំ ជាប់ឆ្នោត ឡើយ។ នៅក្នុងមហាសន្និបាតបក្សមន្ត្រីជាន់ខ្ពស់ជាច្រើននៅក្នុងគណបក្សសាធា រណរដ្ឋមិនបានចូលរួមនោះឡើយដូចជា អតីតប្រធានាធិបតីប៊ូសជាដើមដោយសារតែមិនពេញចិត្តទៅនឹងគោលនយោបាយដឹកនាំតាមបែបក្តៅរបស់លោក ត្រាំ ។

អ្នកវិភាគជាច្រើនបានព្រួយបារម្ភថា សង្គ្រាមបរមាណូនឹងផ្ទុះឡើងប្រសិនបើលោកត្រាំជាប់ឆ្នោតជាប្រធានាធិបតីពេល នោះពិភពលោកទាំងមូលនឹងក្រឡាប់ចាក់ សង្គ្រាមបរមាណូនឹងកើតឡើង ហើយភព ផែនដីនឹងត្រូវវិនាសជាមិនខាន៕ សាធី

index 32_28_1325154035_66_6500x375_7060a 1463973066-1463970822-1-copy


ចែករំលែក៖