ភ្នំពេញ៖ ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា នៅតែមិនអាចកែប្រែប្រវត្តិចាញ់ក្រុមជម្រើសជាតិម៉ាឡេស៊ីបានដដែល បើទោះបី មានឱកាសរកគ្រាប់បាល់នាំមុខមុនក៏ដោយ ។ ថ្ងៃបើកឆាកពានរង្វាន់ AFF Suzuki Cup ២០១៦ រសាត់ចេញពីដៃ បន្ទាប់ពីម៉ាឡេស៊ីបើកការវាយបកស្ទួនៗ ធ្វើយុទ្ធវិធីការពារបស់លោក Lee Tae Hoon បែកខ្ញែកកាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅកីឡដ្ឋាន Thuwunna ប្រទេស មីយ៉ាន់ម៉ា ។
ឱកាសមាស ឱកាសប្រាក់ របស់ក្រុមជម្រើសជាតិកម្ពុជា បានដោយស្រួលៗចំនួនលើក គឺនៅវគ្គទី១ ធ្វើបានល្អដោយកីឡារឆ្នើម ចាន់ វឌ្ឃនាកា ត្រឹម៨នាទីដំបូង ប៉ុន្តែត្រូវកីឡាករម៉ាឡេស៊ី Zainon ស៊ុតតាមស្មើ១-១ នៅនាទីទី៣៧ ។
នៅវគ្គទី២ ចាន់ វឌ្ឍនាកាដដែល ប្រើជើងឆ្វេងទាត់យ៉ាងសង្ហាចូលដោយគ្មានការរាំងស្ទះចន្លោះនាទីទី ៥៩ធ្វើឲ្យកម្ពុជានាំមុខ២-១ ប៉ុន្តែត្រូវកីឡាករម៉ាឡេស៊ី Yahyahស៊ុតឲ្យជម្រើសជាតិរបស់ខ្លួនតាមស្មើ២-២ នៅនាទីទី៦៩ ។
អ្វីដែលធ្វើឲ្យជម្រើសជាតិកម្ពុជាសោកស្តាយ គឺនៅនាទីទី៨០ ត្រូវកីឡាករ Yahyah ដដែលព្យាយាមស៊ុតបំប៉ោងសំណាញទីកម្ពុជាម្តងទៀត ធ្វើឲ្យម៉ាឡេស៊ីនាំមុខ៣-២វិញម្តង ហើយបានរក្សារហូតដល់ចប់ការប្រកួត ម៉ាឡេស៊ីទទួលបាន៣ពិន្ទុ ។ កីឡាករ ចាន់ វឌ្ឍនាកា បានអះអាងថា ពួកខ្លួននឹងខិតខំបន្តការប្រកួត ប៉ុន្តែខ្លួនពិតជាសោកស្តាយខ្លាំង ចំពោះការប្រកួតចាញ់ក្រុមម៉ាឡេស៊ីនាពេលនេះ ៕ សារីម