ទីភ្នាក់ងារឧតុនិយមជប៉ុនបានបញ្ជាក់ថា រលកយក្សស៊ូណាមិមួយបានវាយប្រហារនៅឈូងសមុទ្រប៉ាស៊ីហ្វិកភាគខាងជើងប្រទេសនេះ បន្ទាប់ពីការរញ្ជួយដីកម្រិត៦.៩រ៉ិចទ័រកាលពីវេលាម៉ោង៥និង៥៩នាទីព្រឹក ម៉ោងនៅក្នុងតំបន់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
ក្រុមភូគព្ភសាស្ត្រអាមេរិក (USGS) ដំបូងឡើយបានកំណត់ថា ការរញ្ជួយដីនោះមានកម្រិត៧.៣រ៉ិចទ័រ ប៉ុន្តែក្រោយមក បានកែតម្រូវនៅត្រឹមកម្រិត៦.៩រ៉ិចទ័រវិញ ។
ការរញ្ជួយដីនេះបានធ្វើឲ្យកក្រើកញាប់ញ័រដល់ទីក្រុងតូក្យូ ដែលស្ថិតនៅកណ្តាលនៃខេត្ត Fukushima តាមឈូងសមុទ្រនោះទៀតផងដោយមានជម្រៅ១០គីឡូម៉ែត្រ ។
ទីភ្នាក់ងារព័ត៌មាន NHK របស់ជប៉ុនបានផ្សព្វផ្សាយថា រលកយក្សស៊ូណាមិកំពស់៦០សង្ទីម៉ែត្រត្រូវបានសង្កេតឃើញថា មានវត្តមានឡើងនៅកំពង់ផែ Onahama Fukushima ខណៈដែលរលកយក្សស៊ូណាមិកម្ពស់៩០សង្ទីម៉ែត្រកើតមាននៅកំពង់ផែ Soma ភ្លាមៗនោះផងដែរ ។ ទីតាំងខាងលើនេះ ជាកន្លែងតែមួយដែលរងការបំផ្លិចបំផ្លាញពីរលកយក្សស៊ូណាមិចកាលពីឆ្នាំ២០១១ ។
ក្រុមឧតុនិយមជប៉ុនបានចេញបម្រាម ប្រុងប្រយ័ត្នចំពោះរលកយក្សស៊ូណាមិដែលមានកម្ពស់រហូតដល់៣ម៉ែត្រ ។ គេបានស្នើឲ្យពលរដ្ឋភៀសខ្លួនទៅរកទីទួល ខ្ពស់ ឆ្ងាយពីឈូងសមុទ្រ តាមរយៈសំឡេងស៊ឺរ៉ែនថា សូមចាកចេញជាបន្ទាន់ ។
ទីភ្នាក់ងារព័ត៌មានតូក្យូបានដកស្រង់ប្រភពពីមន្ត្រីប៉ូលិសអះអាងថា ស្ត្រីម្នាក់ត្រូវកញ្ចក់នៃអគារមួយបែកធ្លាក់ចំក្បាលបណ្តាលឲ្យដាច់ស្លាប់ ។ ប៉ុន្តែទោះបីយ៉ាងណា គេនៅមិនទាន់ដឹងអំពីទំហំនៃការខូចខាតដោយសារការរញ្ជួយដីនាពេលនេះនៅឡើយទេ ៕ ថាច់ យ៉ាត