ភ្នំពេញ:សហគមន៍វាលស្បូវមានប្រជាពលរដ្ឋរស់នៅជាង១០០គ្រួសារស្ថិតក្នុងភូមិស្វាយតាអ៊ុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ធ្វើដំណើរពីផ្លូវជាតិលេខ១ចូលទៅក្នុងសហគមន៍ប្រហែល៥គីឡូម៉ែត្រ ពេលនេះទឹកភ្លៀងចុងរដូវបានគំរាមកំហែងដល់ការរស់នៅរបស់អ្នកភូមិលិចស្ទើទាំងហើយត្រូវបានក្រុមការងារសាលាខណ្ឌច្បារអំពៅជន្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ។
ក្រោយពីប្រជាពលរដ្ឋនៅក្នុងសហគមន៍រងគ្រោះដោយជំនន់ទឹកភ្លៀងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិការ ឆ្នាំ២០១៦ លោកអ៊ាង ស៉ីផាន អភិបាលខណ្ឌច្បារអំពៅ អមដំណើរដោយលោកណុប ផា អភិបាលរងខណ្ឌ បានដឹកនាំក្រុមការងារចុះទៅជួយសាងសង់ជម្រកបណ្តោះអាសន្នជូនប្រជាពលរដ្ឋនៅកន្លែងទីទួលសុវត្ថិភាព និងបាននាំយកអំណោយសង្គ្រោះបន្ទាន់ទៅជួយដល់ប្រជាពលរដ្ឋផងដែរ ។
ជាមួយនឹងសកម្មភាពមនុស្សធម៍នេះដែរលោកអភិបាលខណ្ឌច្បារអំពោះបានជួបសំណេះសំណាលនិងផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពកូនៗ និងសមាជិកក្នុងក្រុមគ្រួសារ ដោយសារពេលនេះជំនន់ទឹកភ្លៀងបានលិចផ្លូវលិចផ្ទះលិចគ្រប់កន្លែងហើយសត្វអសិរពិសក៍ទៅរកកន្លែងសុវត្ថិភាពដែរដូច្នេះហើយត្រូវប្រុងប្រយ័ត្នពីសុវត្ថិភាពជាចម្បង ។
ជាមួយគ្នានេះដែរសូមបងប្អូនត្រូវរស់នៅមានអនាម័យក្នុងការហូបចុកដើម្បីការពាជំងឺដង្កាត់ផ្សេងៗ ដើម្បីការពារសុខភាពរបស់បងប្អូននិងកូនចៅ ៕ សណ្តោស