ខេកំពង់ស្ពឺ៖ នគរបាលស្រុកឧដុង្គ រងការចោទប្រកាន់ពីជនសង្ស័យម្នាក់ថា បានយកទ្រព្យសម្បត្តិ និងលុយរបស់គេជិត១ពាន់ដុល្លារ ឯណោះចែកគ្នាមិនស្មើរហូតដល់ឈ្លោះប្រកែកគ្នាទៀត បន្ទាប់ពីឃាត់ជនសង្ស័យរូបនោះពាក់ពន្ធ័នឹងករណីគ្រឿងញៀនបានដកហូត៥កញ្ចប់កាលពីកន្លងទៅ ។
បើតាមសម្តីរបស់ឈ្មោះ សុន សុខម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំរស់នៅក្នុងភូមិអង្គ្រង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺបាននិយាយថា រូបគេត្រូវបាននគរបាលស្រុកឧដុង្គឃាត់ខ្លួនតាំងម៉ោង១២និង៣០នាទីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅពាក់ពន្ធ័នឹងគ្រឿងញៀន ដកហូតបាន៥កញ្ចប់ ប៉ុន្តែអ្វីដែលធ្វើអោយរូបគេហួសចិត្តនោះ អំឡុងពេលឃាត់ខ្លូនរូបគេ បាត់ទាំងចិញ្ចៀនផ្លាកទីន១វង់តំលៃជាង២០០ដុល្លារ លុយខ្មែរជាង២លានរៀល ទើបលក់ជ្រូកបានថ្មីៗ ទូរសព្ទ័១គ្រឿង ម៉ាកអាយហ្វូនហ្វាយ ពណ៌ខ្មៅ លុយ ដុល្លារ៣០០ដុល្លារសរុបជិត១ពាន់ដុល្លារ ត្រូវបានក្រុមនគរបាលប្រមូលយកចែកគ្នាអស់គ្មានសល់នោះទេ ហើយលុយនេះ មិនមែនជាលុយដែលលក់គ្រឿងញៀនបាននោះទេ គឺជាលុយញើសឈាមរបស់ប្រពន្ធរបស់គេ និងចិញ្ចៀនម្តាយជាអ្នកទិញអោយទេ។
ជនសង្ស័យបានបន្តថា ទង្វើរបស់នគរបាលស្រុកឧដុង្គធ្វើបែបនេះ ហាក់បីដូចជាជាក្រុមចោរប្លន់អីចឹង មិនមែនបង្ក្រាបនោះទេ បែរជាមកចាប់ដណ្តើមយកទ្រព្យសម្បត្តិទៅវិញ ។
ជាចុងក្រោយជនសង្ស័យសំណូមពរដល់តុលាការខេត្តមេត្តាជួយយកទ្រព្យសម្បត្តិដែលជាញើសឈាមរបស់ប្រពន្ធនិងម្តាយរបស់គេយកប្រគល់អោយប្រពន្ធកូនគេវិញផង ។
នគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាននិយាយថា បន្ទាប់ពីទទួលការរាយការណ៍ពីនគរបាលស្រុកឧដុង្គថា បង្ក្រាបបានមុខសញ្ញាពាក់ព័ន្ធគ្រឿងញៀនម្នាក់ដកហូតបានគ្រឿងញៀនប្រភេទម៉ាទឹកកក៤កញ្ចប់តូច និង១កញ្ចប់ធំ ជញ្ជីងថ្លឹង១ ប្រដាប់ចូកថ្នាំ២ កន្ត្រៃ២ ទុរសព្ទ័ចាស់១គ្រឿង និងថង់សំរាប់ច្រកច្រើនទៀតផង។
បើតាមសម្តីរបស់លោក ខឹម សាម៉ុន អធិការនគរបាលស្រុកឧដុង្គបានបដិសេធតាមទូរសព្ទ័ថា លោកមិនបានដឹង និងចុះបង្ក្រាបនោះទេ គឺលោក អធិការរងម្នាក់ជាអ្នកដឹកនាំ ហើយលុយចំនួន៣០០ដុល្លារដែលជនសង្ស័យថា នគរបាលយកនោះ គឺមិនមានទេ ប៉ុន្តែបើលុយខ្មែរ ទូរសព្ទ័ និងចិញ្ចៀនអីនោះបញ្ជូនទៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកាហើយ។
ប្រជាពលរដ្ឋនៅក្នុងស្រុកឧដុង្គបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែទង្វើរបស់អស់លោកនគរបាលស្រុកឧដុង្គធ្វើរបៀបនេះមកលើប្រជាពលរដ្ឋ បើនិយាយពីរឿងល្បែងវិញ មានតាំងពីជល់មាន់ កន្ទុយលេខនៅក្នុងផ្សារឧដុង្គ មិនឆ្ងាយពីប៉ុស្តិ៍នគរបាលប៉ុន្មាននោះទេ ប្រជាពលរដ្ឋមានការភ័យខ្លាចខ្លាំងណាស់ បើបណ្តោយឲ្យមានល្បែងស៊ីសង កន្ទុយលេខនៅតែបន្តលេង ចុះឯណាទៅភូមិ ឃុំមានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃ បានកំណត់នោះ បើគ្រាន់តែបង្ក្រាបគ្រឿងញៀនសោះ ដណ្តើមយកទាំងលុយលក់ជ្រូករបស់គេទៀត។
លោក សម សាមួន ស្នងការនគរបាលខេត្តបានអោយដឹងថា រឿងនគរបាលស្រុកយកលុយ និងទ្រព្យសម្បត្តិរបស់ជនសង្ស័យនោះ បានបញ្ជូនមកហើយ បើនគរបាលណាហ៊ានយក គឺទទួលខុសត្រូវដោយខ្លួនឯង រាល់ករណីផ្សេងៗមិនថា រឿងនេះទេ គឺតុលាការតែងតែសួរនាំជនសង្ស័យគ្រប់ពេល ហើយឥឡូវជនសង្ស័យរូបនោះត្រូវបញ្ជូនទៅឃុំខ្លួនហើយ ៕ សេនាសក្តិ