ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះ (CLV JCC) ឆ្នាំ២០១៦ ខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសណ្ឋាគារអប្សរាផាឡេស មានរៀបចំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលចម្រុះកម្ពុជា ឡាវ និងវៀតណាម (CLV-JCC) ឆ្នាំ២០១៦ ក្រោមការអញ្ជើញចូលរួមជាគណៈអធិបតីពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា, លោក សាលឹមសៃ កុំម៉ាសិទ្ធ រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ និងលោក ង្វៀង ជីដុង រដ្ឋមន្ត្រីក្រសួងផែនការ និងវិយោគវៀតណាម។

កិច្ចប្រជុំនេះ មានការចូលរួមពីគណៈប្រតិភូមន្ត្រីជាន់ខ្ពស់មកពីប្រទេសកម្ពុជា ឡាវ និងវៀតណាម ព្រមទាំងមន្ត្រីអាជ្ញាធរដែនដីផងដែរ។ គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីពិនិត្យមើលលទ្ធផលបឋមនៃកិច្ចប្រជុំឧត្តមមន្ត្រីកម្ពុជា-ឡាវ-វៀតណាម (SOM-CLV) និងលទ្ធផលនៃកិច្ចប្រជុំ (CLV-JCC) លើកទី១០ នៅខេត្តចំប៉ាសាក់ ប្រទេសឡាវ ឆ្នាំ២០១៥ និងការអនុវត្តសេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូល CLV លើកទី៨ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ (DTA) ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ចាប់តាំងពីឆ្នាំ ២០១៤ ដើម្បីសុំការអនុម័ត និងអនុសាសន៍ណែនាំបន្ថែមពីនាយករដ្ឋមន្ត្រីនៃប្រទេសទាំងបី។

បន្ទាប់ពីបានស្តាប់របាយការណ៍លទ្ធផលបឋម SOM-CLV និងលទ្ធផលកិច្ចប្រជុំពាក់ព័ន្ធ ស្តីពី CLV-DTA រដ្ឋមន្ត្រីដែលជាប្រធានគណៈគណៈកម្មការចម្រុះទាំងបី (JCC) បានកោតសរសើរដល់ការចូលរួមយ៉ាងសកម្មរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរខេត្តពាក់ព័ន្ធ ក្នុងការរៀបចំកិច្ចប្រជុំ និងព្រឹត្តិការណ៍ផ្សេងៗ ដើម្បីប្រមូលធាតុចូលដ៏មានតម្លៃ សម្រាប់ពន្លឿនការអនុវត្តផែនការមេដែលបានកែសម្រួល និងចូលរួមអនុវត្តន៍លើសេចក្តីថ្លែងការរួមទាំង ១០ចំណុចនៃកិច្ចប្រជុំ CLV-DTA លើកទី៨ សំដៅជំរុញវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ឧស្សាហកម្ម និងទេសចរណ៍ សម្រាប់ខេត្តទនានានៅជាប់ព្រំដែននៃប្រទេសទាំងបី។

បន្ថែមលើនេះ រដ្ឋមន្ត្រីទាំងបីក៏បានថ្លែងអំណរគុណដល់ក្រុមការងារ CLV ដែលបានប្រឹងប្រែងបញ្ចប់កិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម សម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍ និងប្រទេសជប៉ុន ព្រមទាំងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់ដល់ការអភិវឌ្ឍប្រទេសក្នុងតំបន់មេគង្គ ជាពិសេសតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ៕

ee re se tr


ចែករំលែក៖