ព័ត៌មានទាន់ហេតុការណ៍៖

លេងល្បែងចាញ់អស់លុយពីខ្លួនមិនហ៊ានចូលផ្ទះបែកគំនិតលួចលុយ ត្រូវម្ចាស់គេទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ព្រោះតែលង់ខ្លួននឹងល្បែងស៊ីសង ចាញ់អស់ប្រាក់ពីខ្លួន មិនហ៊ានចូលផ្ទះ ក៏បែកគំនិតចូលទៅលួចយកលុយពីស្ត្រីម្នាក់ទៀត ដែលប្រកបមុខរបរលក់ដូរបានប្រាក់មួយចំនួន តែត្រូវម្ចាស់ភ្ញាក់ពីដំណេកទាន់ ក៏ចាប់ប្រគល់ឲ្យសមត្ថកិច្ច។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង០១និង៤០នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៥ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សមត្ថកិច្ចបញ្ជាក់ប្រាប់ថា ជនសង្ស័យមានឈ្មោះ សុខ លី ភេទស្រី អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើតភូមិខ្នាចចោ ឃុំគោះ ស្រុកត្រាំកក់ ខេត្តតាកែវ ។ ចំណែកស្ត្រីរងគ្រោះមានឈ្មោះ ហែម ញ៉ុល អាយុ២៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុដែលនាំឲ្យគេចូលទៅលួចលុយជនរងគ្រោះនោះ ព្រោះតែខ្លួនលេងល្បែងស៊ីសងចាញ់អស់លុយពីខ្លួន ហើយមិនហ៊ានចូលផ្ទះ ទើបដាច់ចិត្តធ្វើសកម្មភាពលួចយកលុយ ហើយត្រូវម្ចាស់គេទាន់ចាប់ខ្លួនបែបនេះ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមផ្លូវច្បាប់៕ តុង សីហា

7 1 2 3 4 6


ចែករំលែក៖