ភ្នំពេញៈ មនុស្ស ប្រុសស្រី ៦នាក់ ត្រូវសមត្ថកិច្ចខណ្ឌ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ និងប្រជាការពារសង្កាត់ឬស្សីកែវ បានធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ២០១៦ ដែលស្ថិតនៅតាមបណ្តោយផ្លូវលំ ក្រុម១៧ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
សមត្ថកិច្ចបានអោយដឹងថា មនុស្សប្រុសស្រីទាំង ៦នាក់ ទី១-ឈ្មោះ យឹម ម៉ៅ ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរ កម្មការិនី ទី២-ឈ្មោះ គីម ដា ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរ នៅផ្ទះ ទី៣-ឈ្មោះ ចាន់ រ៉ូប៊ី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ នៅផ្ទះ ទី៤-ឈ្មោះ មាស សំបូរ ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរ នៅផ្ទះ ទី៥-ឈ្មោះ ឃិត មឺយ ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរ រត់តុ បច្ចុប្បន្នអ្នកទាំង ៥នាក់ មានទីលំនៅផ្ទះជួល ផ្លូវលំ ក្រុម១០ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ និងទី៦-ឈ្មោះ វ៉ា ពៅ ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ និងបានដកហូតបៀរមួយចំនួន។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ដោយយោងតាមស្មារតីអនុវត្តយ៉ាងមេីងម៉ាត់តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានៅក្នុងអង្គប្រជុំអោយអធិការខណ្ឌទាំង១២ ត្រូវយកចិត្តទុកដាក់បង្ក្រាបនៅបទល្មើសអោយខានតែបាននៅក្នុងមូលដ្ឋានរបស់ខ្លួន ក៏ដូចជាទប់ស្កាត់នៅបទល្មើសដូចជា ឆក់ ប្លន់ លួច គាស់ផ្ទះ ល្បែងស៊ីសងគ្រប់ប្រភេទ និងករណីជួញដូរគ្រឿងញៀនផងដែរ។ ក្រោយមក លោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការខណ្ឌឬស្សីកែវ បានដាក់បទបញ្ជាអោយកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋានទាំង ៦ប៉ុស្តិ៍អោយចុះធ្វើការបង្ក្រាបបទល្មើស និងការពារសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋ។
ក្រោយពីទទួលបានបទបញ្ជានេះរួចមក លោក តូច គឹមសុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវ បានដឹកនាំកម្លាំងសមត្ថកិច្ច សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌ និងប្រជាការពារសង្កាត់ឬស្សីកែវ ធ្វើការបង្ក្រាបទីតាំងលេងល្បែងស៊ីសងអាណាធិតេយ្យ មួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្រុម១៧ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ និងបានឃាត់ខ្លួនមនុស្សប្រុសស្រី ៦នាក់ យកមកប៉ុស្តិ៍នគរបាលឬស្សីកែវ ដើម្បីធ្វើការសាកសួរ។
ក្រោយពីធ្វើសាកសួររួចមក សមត្ថកិច្ចបានធ្វើការអប់រំ ព្រមទាំងបានធ្វើកិច្ចសន្យាឈប់អោយលេងល្បែងស៊ីសង និងបានអោយមនុស្សប្រុសស្រី ៦នាក់ត្រឡប់ទៅផ្ទះវិញ ៕ អរុណរះ