ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋសភាអនុម័តច្បាប់ស្តីពីការប្រែប្រួលអាកាសធាតុ១០៦លើ១០៦សំឡេង

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់ស្តីពីការ អនុម័តយល់ព្រមលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុត្រូវបានសម័យប្រជុំពេញអង្គរបស់រដ្ឋសភា អនុម័តកាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៦ដោយសំឡេង១០៦លើ១០៦ នៃអង្គសភាទាំងមូលដែលបានចូលរួម។

សម័យប្រជុំរដ្ឋសភាលើកទី៧នីតិកាល ទី៥នេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងដោយមានការចូលរួមពីសមាជិក សមាជិការដ្ឋសភាមកពីគណ បក្សប្រជាជនចំនួន៦៧រូបនិងគណបក្ស សង្គ្រោះជាតិចំនួន៣៩រូប។

សម័យប្រជុំនេះក៏មានវត្តមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រី្តនៃ ព្រះរាជាណាចក្រកម្ពុជាក្នុងនាមតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាលអញ្ជើញ ចូលរួមផងដែរ។

នៅក្នុងកិច្ចពិភាក្សាសមាជិក សមាជិការដ្ឋសភាភាគច្រើនបានលើកឡើងពីការគាំទ្រ សេចក្តីព្រាងច្បាប់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះថាជាកិច្ចព្រមព្រៀងដែលមាន គោលបំណង ដើម្បីពង្រឹងការឆ្លើយតបជាសកលទៅនឹងការគំរាមកំហែងនៃការប្រែប្រួលអាកាសធាតុនៅក្នុងបរិបទនៃការអភិវឌ្ឍដោយចីរភាព និងកិច្ចខិតខំដើម្បីបំបាត់ភាពក្រីក្ររបស់ប្រជាសហគមន៍។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថានក្នុងនាមរាជរដ្ឋាភិបាលឡើងការពារសេចក្តីព្រាងច្បាប់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុនេះបានបញ្ជាក់ថាគឺដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាពិសេសដើម្បីជំរុញការវិនិយោគដែលបញ្ចេញកាបូនទាបប្រកបដោយចីរភាពនៅពេលអនាគត។

កិច្ចព្រមព្រៀងនេះត្រូវបានរៀបចំឡើងដោយឈរលើមូលដ្ឋាន នៃគោលការណ៍ ចម្លងនៃអនុសញ្ញា (UNFCCC) ដែលជំរុញឱ្យភាគីទាំងអស់ខិតខំប្រឹងប្រែងអនុវត្ត កាតព្វកិច្ចរបស់ខ្លួនក្នុងការដោះស្រាយ បញ្ហាការប្រែប្រួលអាកាសធាតុនិងបន្សុំាទៅនឹងឥទ្ធិពលនៃការប្រែប្រួលអាកាស ធាតុ។

យោងតាមសេចក្តីថ្លែងហេតុនៃសេចក្តីព្រាងច្បាប់នេះបានបង្ហាញថាអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ(UNFCCC) ដែលបានអនុម័តក្នុងកិច្ចប្រជុំកំពូលស្តីពីភពផែនដីនៅទី ក្រុងរីយ៉ូ ប្រទេសប្រេស៊ីលឆ្នាំ១៩៩២ បាន ចូលជាធរមាននៅឆ្នាំ១៩៩៤។

គោលបំណងចម្បងនៃអនុសញ្ញានេះ គឹដើម្បីរក្សាស្ថិរភាពកំហាប់ឧស្ម័នផ្ទះកញ្ចក់(GHG)នៅក្នុងបរិយាកាសនៃកម្រិតមួយដែលអាចការពារប្រព័ន្ធអាកាសធាតុទប់ទល់នឹងការរំខានប្រកបដោយគ្រោះថ្នាក់ដែលបង្កឡើងដោយសកម្មភាពមនុស្ស។

ប្រទេសចំនួន១៩៧រួមទាំងកម្ពុជាផងបានផ្តល់សច្ចាប័នលើអនុសញ្ញានេះហើយព្រះរាជាណាចក្រកម្ពុជាក៏បានចុះហត្ថលេខាលើលិខិតូបករណ៍នៃពិធីសារតូក្យូដែល បានអនុម័តនៅក្នុងសន្និសីទបណ្តាភាគី លើកទី៣(COP3)ឆ្នាំ១៩៩៧នៅប្រទេសជប៉ុនផងដែរ។

សន្និសីទប្រចាំឆ្នាំនៃបណ្តាភាគីអនុសញ្ញា(UNFCCC)លើកទី២១(COP21)នៅទីក្រុងប៉ារីសកាលពីចុងឆ្នាំ ២០១៥ បានអនុម័តកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ហៅថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ជាពិសេសដើម្បីជំរុញការវិនិយោគដែល បញ្ចេញកាបូនទាបប្រកបដោយចីរភាពនៅពេលអនាគត៕ សហការី

77

dr 66


ចែករំលែក៖