ខេត្តក្រចេះ ៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងកង រាជអាវុធហត្ថ ស្រុកចិត្របុរីនិងកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៧០៨បាន បើកប្រតិបត្តិការដេញបង្ក្រាបរថយន្ដដឹកឈើគ្មានច្បាប់ចំនួន២គ្រឿង រួចហើយ ប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ សង្កាត់ ថ្មគ្រែនៅវេលាទៀបភ្លឺ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
ប្រតិបត្តិការរបស់កម្លាំងសមត្ថកិច្ចនេះ បានធ្វើឲ្យរថយន្តទាំង២គ្រឿងសម្រេចចិត្តបើកសម្រុកចូលទៅក្នុងហាងបាយយីហោ អូននាង ស្ថិតនៅតាម បណ្ដោយផ្លូវជាតិ លេខ៧ក្នុងភូមិបន្ទាយ ឃុំគោលាប់ ស្រុក ចិត្របុរី ខេត្តក្រចេះ ។
ប្រជាពលរដ្ឋភាគច្រើនបានឲ្យដឹងថា រថយន្តដឹកឈើទាំងឡាយនៅពេលដែលកម្លាំងសមត្ថកិច្ចដេញបង្ក្រាបនោះ អ្នក បើករថយន្ត តែងតែបើកសម្រុក ចូលទៅលាក់ខ្លួននៅក្នុងហាងបាយមួយនេះ ហើយម្ចាស់ហាងមិនដែលសហការជា មួយកម្លាំងសមត្ថកិច្ចនោះឡើយ ដូចជាកាលពីពេលកន្លងទៅស្រ្តីជាម្ចាស់ហាងលក់បាយបានឈ្លោះជាមួយក្រុមសមត្ថកិច្ចរហូតជេរសមត្ថកិច្ច នៅពេលកម្លាំងសមត្ថកិច្ចចុះ បង្ក្រាបនៅទីនោះ ។
លោក អឹុម ចិត្រា មេបញ្ជាការកងរាជអាវុធហត្ថស្រុកចិត្របុរីបានឲ្យដឹងថា រថយន្ដ សាំយ៉ុងដឹកឈើទាំង២គ្រឿងនោះ គឺដឹក ឈើចេញពីខេត្តស្ទឹងត្រែង ហើយក្រោយ ទទួលបានព័ត៌មានសម្ងាត់កម្លាំងកងរាជអាវុធហត្ថស្រុកសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៧០៨ បានចេញបង្ក្រាបតាំងពីព្រំព្រទល់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែងតែឃាត់មិនបានរហូត មកដល់ចំណុចខាងលើរថយន្ដទាំង២គ្រឿងបានបើកចូលហាងលក់បាយយីហោអូន នាងទើបឃាត់បាន ។
សមត្ថកិច្ចមួយចំនួនបានលួចបង្ហើបថានៅខេត្តក្រចេះមានរថយន្ដសាំយ៉ុងដឹកឈើជាច្រើនគ្រឿងតែងតែបើកបន្តគ្នាបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវដែលមានពេលខ្លះចេញម្ដង១០គ្រឿងក៏មានដែរ ។ ក្រុមឈ្មួញឈើដែលដឹកឈើចេញពីខេត្តត្បូងឃ្មុំ និងខេត្តព្រែវែងត្រូវ គេស្គាល់ថា ឈ្មោះ វៀច និងឈ្មោះ អូន អ្នក ទាំងពីរ ឪពុកនិងកូនតែងតែបើករថយន្ដបិទគូទនៅពេលកម្លាំងសមត្ថកិច្ចចុះបង្ក្រាប ។
លោក មីុ វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃ ឈើថ្មគ្រែបានឲ្យដឹងថា រថយន្ដសាំយ៉ុង ទាំង២គ្រឿងដឹកឈើប្រភេទលេខ២ ។ ក្រោយពីកម្លាំងកងរាជអាវុធហត្ថស្រុកចិត្របុរី បង្ក្រាបបានហើយក៏ឮយកទៅរក្សាទុក នៅស្ថានីយបណ្ដុះកូនឈើខ្សា ដែលឈើទាំងនោះមានចំនួន២ម៉ែត្រគូបបន្ទាប់ពីធ្វើការវាស់វែងហើយ ៕ ហេង នរិន្ទ្រ