ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌមានជ័យចុះបង្ក្រាបទីតាំងកត់កន្ទុយលេខក្នុងផ្សារបុរីលឹមឈាងហាក់ជ្រកក្រោមស្លាកប្ដូរប្រាក់

ចែករំលែក៖

ភ្នំពេញ ៖ លោកឌីរត្ន័ ខេមរុណ អភិបាល រងខណ្ឌមានជ័យសហការជាមួយលោក ហួរ ម៉េងវ៉ាង អធិការរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាប ទីតាំងកត់ កន្ទុយលេខដុះស្លែមួយកន្លែង ក្នុងផ្សារបុរី លឹមឈាង ហាក់តូបលេខ១៨០H ដែល កត់យ៉ាងចំហ មិនខ្លាចញញើតនឹងសមត្ថកិច្ចដោយប្រឆាំងនឹងគោលការណ៍៩ចំណុចភូមិឃុំមានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃ ។

កិច្ចប្រតិបត្តិការចុះបង្ក្រាបទីតាំងខាងលើនេះកម្លាំងសមត្ថកិច្ចបានធ្វើឡើង កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅក្នុង ភូមិប្ញស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ ។

បើតាមការបញ្ជាក់ពីលោក ឌីរត្ន័ ខេម រុណ អភិបាលរងខណ្ឌមានជ័យបានឲ្យដឹង ថា ក្នុងការចុះបង្ក្រាបនេះកម្លាំងសមត្ថកិច្ចឃាត់ខ្លួនមនុស្ស៣នាក់ក្នុងនោះមានម្ចាស់ទីតាំងម្នាក់ឈ្មោះ ហម សុភ័ក្រ ភេទប្រុស មុខរបរអ្នកកក់កន្ទុយលេខជ្រកក្រោមស្លាកយីហោប្ដូរប្រាក់ និងអ្នកចាក់២នាក់ដោយ ម្នាក់ឈ្មោះ ម៉ម រឿន ភេទស្រី អាយុ ៦០ឆ្នាំ មុខរបរធ្វើស្រែ ហើយមានស្រុកកំណើតនៅភូមិត្រពាំងត្រាវ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺមកលេងផ្ទះកូនក៏ឆ្លៀតមកផ្សងសំណាងលេងចំពេលដែលសមត្ថកិច្ចចុះ បង្រ្កាបនិងម្នាក់ទៀតឈ្មោះ ហែម ចាន់ណា ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់ នៅភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ ។ លោកបានបន្តថាសម្ភារដែលត្រូវដកហូតមានដូចជាទូរស័ព្ទដៃ៣គ្រឿង លុយខ្មែរចំនួន ១.៣៤០.០០០រៀល លុយដុល្លារ២៤ដុល្លារនិងសម្ភារកត់កន្ទុយលេខមួយចំនួនទៀត ។

បច្ចុប្បន្នអ្នកទាំង៣នាក់រួមជាមួយនឹង វត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចនាំយក ទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការ បន្តតាមនីតិវិធី ៕ តាឡឹម

talem-1


ចែករំលែក៖