ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់២នាក់មានជម្លោះទាញពូថៅកាប់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួនបន្ទាប់ពីមានជម្លោះពាក្យសំដីជាមួយជនរងគ្រោះ ក៏ទាញយកពូថៅកាប់លើផ្ទៃមុខបណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នៅ ផ្ទះជួលមួយកន្លែងក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យមានឈ្មោះសោម សំអាត អាយុ២៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិទួលសាកា ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ។ ចំណែកជនរងគ្រោះមានឈ្មោះ ចន បូរិន អាយុ២៤ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅក្នុងភូមិពោធិថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

ប្រភពបន្តថា ជនសង្ស័យ និងជនរងគ្រោះជាកម្មករសំណង់ជាមួយគ្នាហើយបានជួលផ្ទះឈ្មោះ ហេង ណើ ភេទស្រី អាយុ៥៣ឆ្នាំ ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងដើម្បីស្នាក់នៅហើយនៅថ្ងៃកើតហេតុ ក៏មានជម្លោះពាក្យសំដីយ៉ាងខ្លាំង ណាមួយធ្លាប់មានគំនុំគ្នាពីមុនមក ស្រាប់តែជនសង្ស័យទាញបានពូថៅមកកាប់លើរូបខ្លួនចំផ្ទៃមុខតែម្ដងទៅ។

ក្រោយពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋសមត្ថកិច្ចមកអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យព្រមទាំងយកជនរងគ្រោះមកកាន់មន្ទីរពេទ្យ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍បាវិត កសាងសំណុំរឿងទៅស្នងការនគរបាលខេត្តចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន

de-1 de-2


ចែករំលែក៖