ខេត្តកោះកុង៖ បើទោះជាស្ថានភាពផ្លូវលំបាកហើយ ត្រូវប្រើមធ្យោបាយច្រើនប្រភេទមានរថយន្ត ម៉ូតូ ទូកក្តី ក៏ក្រុមការងារមូលនិធិអណ្ដូងទឹកស្អាត បានចុះទៅដល់តំបន់អារ៉ែង ដើម្បីប្រគល់អណ្តូងទឹកស្អាតចំនួន ១៦អណ្តូង ជូនដល់ប្រជាពលរដ្ឋអាស្រ័យផល ស្ថិតនៅក្នុងឃុំជីណប់ ឃុំប្រឡាយ ឃុំថ្មដូនពៅ និងឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។
នៅក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខជាមួយនិងប្រជាពលរដ្ឋដែលទទួលអាស្រ័យផលអណ្ដូងទឹកស្អាតទាំងអស់ លោក ហ៊ុន ម៉ាណែត លោកស្រី ពេជ្រ ចន្ទមុន្នី ប្រធានមូលនិធិអណ្តូងទឹកស្អាតក៏បានអោយដឹងថាអំណោយអណ្តូងទឹកទាំងនេះគឺជាអំណោយកេរ្តិ៍មរតក របស់ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌីប៉ុក ដែលត្រូវជាឪពុកម្តាយបង្កើតសម្តេចតេជោ ហ៊ុន សែន ចំនួន ០៨អណ្ដូង ដែលគាត់ទទួលអនិច្ចកម្មទៅហើយនោះ។
គួររំលឹកថា កាលដែលលោកនៅមានជីវិតលោកគឺជាមនុស្សដែលមានចិត្តសប្បុរសធម៌ បរិច្ចាគទ្រព្យធនផ្ទាល់ខ្លួនជាច្រើនក្នុងវិស័យមនុស្សធម៌ ជាពិសេសនោះគឺបងប្អូនប្រជាពលរដ្ឋរស់នៅតាមទីជនបទដាច់ស្រយាល ខ្វះខាតទឹកស្អាតប្រើប្រាស់ ហេតុដូច្នេះបន្ទាប់ពីលោកលាចាកលោកទៅ ទើបកូនចៅសម្រេចយកថវិកា ដែលនៅសេសសល់ទាំងប៉ុន្មានមកធ្វើជាមូលនិធិអណ្តូងទឹកស្អាតដាក់ជូនប្រជាពលរដ្ឋប្រើប្រាស់នៅគ្រប់ខេត្តក្រុងទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកស្រីប្រធានមូលនិធិ បានអោយដឹងទៀតថា សព្វថ្ងៃនេះ មហាឧបាសិកា ប៊ុន ស៊ាងលី លោកមានព្រះជន ៩៣វស្សាហើយ។ លោកយាយចូលចិត្តធ្វើបុណ្យដាក់ទានសន្សំកុសលទៅដល់ជនដែលក្រីក្ររស់នៅតាមទីជនបទដាច់ស្រយាល។ ដូច្នេះនៅពេលដែលកូនចៅជូនបច្ច័យទៅគាត់ទុកធ្វើបុណ្យទើបគាត់យកបច្ច័យទាំងនោះ ធ្វើជាមូលនិធិអណ្ដូងទឹកស្អាតដាក់ជួនបងប្អូនប្រជាពលរដ្ឋនៅតាមទីជនបទប្រើប្រាស់វិញ ដោយឡែកឧបាសិកាលីន គ្រី គាត់ទទួលអនិច្ចកម្មទៅហើយកាលពីទសវត្សទី៨០។
ជាមួយនិងការពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោក ហ៊ុន ម៉ាណែត និង ភរិយា ប្រធានមូលនិធិអណ្តូងទឹកស្អាត បានមានប្រសាសន៍ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីថា សូមបងប្អូនទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាព ដោយមានអនាម័យល្អក្នុងការរស់នៅ ទាំងការហូបស្អាត ផឹកស្អាត ដើម្បីសុខភាពបងប្អូន ហើយលោកទាំង២និងស្ថិតនៅជាប់ជាមួយបងប្អូនជានិច្ច ជាពិសេសជនដែលងាយរងគ្រោះ។
សូមជម្រាបថាសព្វថ្ងៃនេះ មូលនិធិអណ្តូងទឹកស្អាត បានធ្វើជូនប្រជាពលរដ្ឋ បានជាង៤០០អណ្ដូងហើយ រួមទាំងអណ្តូងដែលបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការណ៍បានជាង៣០០អណ្តូង។
ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនេះ និងអ្នកទទួលអាស្រ័យផលនៃអណ្តូងទឹកស្អាតទាំងអស់ ហើយមានអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងខ្លាំង និងបានសំដែងនូវការដឹងគុណនិងអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ តែងតែគិតគូដល់ពួកគាត់ដែលរស់នៅតាមទីជនបទដាច់ស្រយ៉ាលជាពិសេសផ្តល់អណ្តូងទឹកស្អាតនេះសំរាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។
សូមជម្រាបថា នៅក្នុងឱកាសនោះដែរ ក្រៅពីប្រគល់អណ្តូងទឹកចំនួន ១៦អណ្តូងនោះ លោកជំទាវប្រធានមូលនិធិអណ្តូងទឹកស្អាត ក៏បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចុះមកជួយពិនិត្យ និងព្យាបាលសុខភាពទូទៅជួនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ រួមទាំងថ្នាំសង្កូវព្យាបាលមួយចំនួនទៀត។
លើសពីនោះ បើមានបងប្អូនប្រជាពលរដ្ឋណាមានជំងឺធ្ងន់ ឬកាយសម្បទាខុសពីប្រក្រតី គ្មានលទ្ធភាពព្យាបាលនោះ លោកស្រី និងក្រុមគ្រូពេទ្យបានយល់ព្រមទទួលយកមកព្យាបាលជួននៅភ្នំពេញ រាល់ការព្យាបាល និងការចំណាយផ្សេងៗគឺជាបន្ទុករបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយមិនគិតពីពណ៌សម្បុរ ពូជសាសន៍ រឺនិន្នាការនយោបាយអ្វីនោះទេ។
ដូច្នេះហើយ ទាំងអស់នេះ បញ្ជាក់អោយឃើញថា នេះគឺជាការងារមនុស្សធម៌មួយដ៏មហាសាលបំផុត ទោះបីជាយប់ ភ្លៀងផ្គរ រងា ក្តៅ យ៉ាងណាក៏ដោយក៏ក្រុមការងារមនុស្សមួយនេះនៅតែបន្តធ្វើការងារជាមួយបងប្អូនប្រជាពលរដ្ឋដើម្បី រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ រួមចំណែកកាត់បន្ថយភាពក្រីក្រ ក្នុងសហគមន៍អោយកាន់តែមានជីវភាពធូរធាល្អប្រសើរឡើង៕