សារព័ត៌មានរ៉យទ័របានផ្សាយថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា បណ្តាញទូរទស្សន៍ជាតិកូរ៉េខាងជើង បានផ្សាយថា មេដឹកនាំគីម ជុងអ៊ុន បានទៅគោរពវិញ្ញាណក្ខន្ធ អតីតមេដឹកនាំហ្វីឌែល កាស្ត្រូ នៅស្ថានទូតគុយបា ក្នុងទីក្រុងព្យុងយ៉ាង ។
កូរ៉េខាងជើងបានចាប់ផ្តើមកាន់ទុក្ខមេដឹកនាំគុយបា ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃតី៣០ ដើម្បីជាការគោរពដល់វីរភាពរបស់លោកហ្វីឌែលកាស្ត្រូ ។ លោកគីម ជុងអ៊ុន បានសរសេរនៅក្នុងសៀវភៅ កំណត់ហេតុ បញ្ជាក់ថា អតីតមេដឹកនាំគុយបា គឺជាមិត្តដ៏ជិតស្និទ្ធរបស់ពលរដ្ឋកូរ៉េខាងជើង។
នៅក្នុងពេលកាន់ទុក្ខ កូរ៉េខាងជើងបានបង្ហូតទង់ជាតិពាក់កណ្តាល ។ មេដឹកនាំកូរ៉េខាងជើង ក៏បានរំលែកទុក្ខដល់ពលរដ្ឋគុយបាទាំងមូល ដែលបានបាត់បង់ វីរបុរសបដិវត្តន៍របស់ខ្លួន។
លោកគីម ជុងអ៊ុន បញ្ជាក់ថា «លោកហ្វីឌែល កាស្ត្រូ បានខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីររយៈពេលកន្លងមក ។ លោកគីម ជុងអ៊ុន បានសរសើរលោកហ្វីឌែល កាស្ត្រូ ថាបានលះបង់មួយជីវិតដើម្បីជាតិ និងសេចក្តីសុខរបស់ពលរដ្ឋ ។
កូរ៉េខាងជើង និងគុយបានមានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៦០ មកទល់ពេលនេះ។ ប្រទេសទាំងពីរមានស្ថានទូតនៅរដ្ឋធានីប្រទេសទាំងពីរផងដែរ ។ មេដឹកនាំគុយបា ក៏បានបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើងកាលពីឆ្នាំ ១៩៨៦៕ ម៉ែវ សាធី