ប្រធានាធិបតីទើបតែជាប់ឆ្នោត ដូណាល់ ត្រាំបានប្រកាសកាលពីថ្ងៃទី២៩ ខែវិច្ឆិកាថា លោកនឹងដាក់ទោសពលរដ្ឋអាមេរិកណា ដែលបានដុតទង់ជាតិរបស់ខ្លួននឹងត្រូវជាប់គុកមួយឆ្នាំ ឬដកសិទ្ធិជាពលរដ្ឋ ទៀតផង។
លោកដូណាល់ ត្រាំ បានបញ្ជាក់ថា គ្មានបុគ្គលណាមួយមានសិទ្ធិដុតទង់ជាតិអាមេរិកឡើយ ហើយអ្នកដុត នឹងត្រូវទទួលលទ្ធផលអាក្រក់ ។ ការប្រកាសខាងលើរបស់លោកត្រាំ បង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីពលរដ្ឋអាមេរិក ដោយសារតែតាមរដ្ឋធម្មនុញ្ញ ពលរដ្ឋមានសិទ្ធិដុតទង់ជាតិដោយមិនមានទោស។
មេធាវីល្បីមួយរូប នៅអាមេរិកបានបញ្ជាក់ថា ការដុតទង់ជាតិអាមេរិក គឺមិនខុសអ្វីពីសិទ្ធិសេរីភាពបញ្ចេញមតិនោះឡើយ ។ ការដាក់ទោស ឬ ដកហូតសិទ្ធិពលរដ្ឋ ជាការខុសទៅនឹងរដ្ឋធម្មនុញ្ញដែលបានចែង។
ការប្រកាសរបស់លោកដូណាល់ ត្រាំ ក្រោយពេលមានពលរដ្ឋជាច្រើន បានធ្វើបាតុកម្មប្រឆាំងរូបលោក នៅរដ្ឋជាច្រើន បន្ទាប់ពីលោកបានឈ្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ដោយមានសម្លេងលើសលុប គឺ ៣០៦អាសនៈទលនឹង២៣២អាសនៈ។ សកម្មភាពបាតុកម្មប្រឆាំងរូបលោកកន្លងមកតែងតែមានការដុតទង់ជាតិ ដែលជាហេតុធ្វើឲ្យលោកត្រាំ បង្ហាញការខឹងសម្បារយ៉ាងខ្លាំង ៕ ម៉ែវ សាធី