ខេត្តកណ្តាលៈ នារីម្នាក់ជាកម្មការីនីរោងចក្រកាត់ដេរ ត្រូវបានជនសង្ស័យម្នាក់ឡើងតាមទៅលើផ្ទះយកកូនកន្ត្រៃកាត់ក្រចកភ្ជង់ដណ្តើមយកទូរស័ព្ទដៃម៉ាកសាំសុងមួយគ្រឿង រត់គេចខ្លួនបានប៉ុន្មានថ្ងៃ ក៏ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្រាវជ្រាវចាប់ខ្លួនបាន កាលពីវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចគល់ស្ពានប៉ានណោ ស្ថិតក្នុងភូមិសាស្ត្រឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខណៈដែលជនសង្ស័យរូបនេះកំពុងឡើងជិះម៉ូតូឌុបបម្រុងគេចខ្លួនចេញពីមូលដ្ឋាន ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ខា ហៀង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្នុងភូមិជ័យតូច ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ។ ចំណែកឯនារីរងគ្រោះជាម្ចាស់ទូរស័ព្ទដៃម៉ាកសាំសុងនោះឈ្មោះ អុ៑ច សាខេង ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការីនីរោងចក្រ មានទីលំនៅភូមិជ័យតូច ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ។
ប្រភពដដែលបានបន្តថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង២០និង៣០នាទី នារីរងគ្រោះបានទុកទូរស័ព្ទដៃម៉ាកសាំសុងនៅផ្ទះ ហើយបានចុះទៅងូតទឹកបាត់ទៅ ។ ពេលនារីរងគ្រោះឡើងមកវិញស្រាប់តែឃើញជនសង្ស័យកំពុងឈរនៅលើផ្ទះ ភ្លាមៗនោះជនសង្ស័យបានយកកន្ត្រៃកាត់ក្រចកភ្ជង់នារីរងគ្រោះដណ្តើមយកទូរស័ព្ទរួចរត់គេចខ្លួនបាត់ ។
ក្រោយពីមានហេតុការណ៍កើតឡើង នារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលជ័យធំឲ្យជួយអន្តរាគមន៍តាមរកចាប់ខ្លួនជនសង្ស័យតែរកមកឃើញ រហូតដល់វេលាយប់ថ្ងៃទី២៩ ខែឆ្នាំដដែលទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចាប់ខ្លួនបានជនសង្ស័យ គ្រាដែលជនសង្ស័យរូបនេះកំពុងឡើងជិះម៉ូតូឌុបបម្រុងគេចចេញពីមូលដ្ឋាន ។
ជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពយកកន្ត្រៃកាត់ក្រចកភ្ជង់ដណ្តើមយកទូរស័ព្ទដៃពីនារីរងគ្រោះប្រាកដមែន ។ ទូរស័ព្ទដែលលួចបានខ្លួនបានយកទៅលក់បានលុយបន្តិចបន្ទួចស៊ីចាយអស់ហើយ ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលកសាងសំណុំរឿងពីបទលួច ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលចាត់ការតាមច្បាប់ ៕ស្អាងជ័យ