ភ្នំពេញ៖ ជនអនាថាប្រុសស្រី១៥នាក់ដែលនាំគ្នាទៅប្រមូលផ្តុំប្រើប្រាស់ថ្នាំញៀន និងមានឧបករណ៍ល្មើសច្បាប់មួយ ចំនួនជនទាំងនោះត្រូវបានកម្លាំងសមត្ថ កិច្ចនគរបាលខណ្ឌសែនសុខ និងនគរ បាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួន និងធ្វើការរុះរើ ជម្រកអនាធិតេយ្យក្នុងដីឡូត៍ទំនេរមួយ កន្លែងដោយដកហូតឧបករណប្រើប្រាស់ ថ្នាំញៀន និងឧបករណ៍ល្មើសមួយចំនួនធំ ផងដែរ។
ការឃាត់ខ្លួនជនសង្ស័យទាំង១៥នាក់នេះធ្វើឡើងកាលពីម៉ោង៤ និង៣៥នាទី ល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ ចំណុចដីឡូត៍មួយកន្លែងត្រង់ផ្លូវលំក្រុម ទី៨ ភូមិបុរីកម្មករអតីត(ភូមិត្រពាំងឈូក) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
លោក សុខ សុផល នាយប៉ុស្តិ៍រដ្ឋបាលទឹកថ្លាបានឲ្យដឹងថា ក្រោយពីមានបណ្តឹងតាមទូរស័ព្ទរបស់ប្រជាពលរដ្ឋសូមឲ្យចុះ ពិនិត្យទីតាំងខាងលើទើបលោកបានសុំគោលការណ៍ពីលោកវរសេនីយឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ ដើម្បីដឹកនាំកម្លាំងចុះទៅពិនិត្យដល់កន្លែងខណៈទៅដល់ស្រាប់តែបានឃើញមនុស្សប្រុសស្រីទាំងនោះបានមកប្រមូលផ្តុំគ្នា សង់រោង បោះតង់អនាធិតេយ្យក្នុងដីឡូត៍ទំនេរនោះបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋជិតខាងទើបសមត្ថកិច្ចបានឃាត់ខ្លួន ជាក់ស្តែងហើយបានឆែកឆេរឃើញមាន ឧបករណ៍ប្រើប្រាស់ថ្នាំញៀន និងឧបករណ៍ ល្មើសច្បាប់មួយចំនួនដូចជា(ដាវសាំមូរ៉ៃ ពូថៅ កាំបិត កន្ត្រៃ រណាជាច្រើន) ។
នៅចំពោះមុខសមត្ថកិច្ចពួកគេបានឆ្លើយ សារភាពថាពួកខ្លួនសុទ្ធតែជាអ្នកដើររើសអេតចាយទេតែដោយមិនមានជម្រកស្នាក់នៅទើបនាំគ្នាមកបោះទីតាំងនៅចំណុចដីឡូត៍ទំនេរខាងលើតែម្តងទៅ។
លោកបន្តទៀតថា ក្រុមជនអនាថាដែល សមត្ថកិច្ចចុះឃាត់ខ្លួនទាំង១៥នាក់នេះ គឺមានប្រុសចំនួន ១១នាក់ និងស្រី៤នាក់មានមុខរបរជាអ្នករើសអេតចាយទាំងអស់ ជាពិសេសមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំញៀនទាំងអស់។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង១៥នាក់កំពុងឃាត់ខ្លួនសាកសួរបន្ថែមនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕ តុង សីហា