ភ្នំពេញ៖ ធាតុពិតនៃមូលហេតុនាំឲ្យមានផ្ទុះអាវុធ៤គ្រាប់ផ្អើលអស់សមត្ថកិច្ចខណ្ឌសែនសុខ គឺបណ្តាលមកពីក្រុមជនសង្ស័យ២នាក់ធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្តបុរសម្នាក់ ដែលជាអ្នកមានកាំភ្លើង ពេលនោះ ម្ចាស់កញ្ចក់ឡាន ក៏បានដេញតាមក្រុមជនសង្ស័យ មិនឈប់ ទើបផ្ទុះអាវុធ៤គ្រាប់តែម្តង ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចខណ្ឌសែនសុខបានចេញអន្តរាគមន៍ភ្លាមៗ ឈានដល់ការឃាត់ខ្លួនជនផ្ទុះអាវុធនាំខ្លួនមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ភ្នំពេញថ្មី និងបានកសាងសំណុំរឿងបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌសែនសុខដើម្បីចាត់ការបន្ត ។
ប្រភពបានប្រាប់ថា ជនសង្ស័យផ្ទុះអាវុធឈ្មោះ កុល សុខជា ជាអ្នកកាន់អាវុធម៉ាកឡុក ជាម្ចាស់រថយន្ត ត្រូវជនសង្ស័យលួចកាច់កញ្ចក់ ហើយមានមុខងារជាមន្ត្រីយោធាកងកម្លាំងភ្លើងធំ និងមានទីលំនៅភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕ តុង សីហា