កាលពីថ្ងៃទី៣០ ខែវិច្ឆិកា បេក្ខភាពប្រធានាធិបតីមកពីគណបក្សបៃតង លោកស្រី Jill Stein បានស្នើរឲ្យរាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋ Michigan ដែលមានសន្លឹកឆ្នោតសរុប ៤,៨លានសន្លឹក ។
តាមគម្រោង ការរាប់សន្លឹកឆ្នោតឡើងវិញ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២ ខែធ្នូ នៅក្នុងស្រុង ចំនួន១៩ ក្នុងរដ្ឋMichigan ។ ការរាប់សន្លឹកឆ្នោត ទូទាំងរដ្ឋ នឹងធ្វើឡើងនៅថ្ងៃទី ១០ ខែធ្នូ។ កន្លងមក លោកស្រីJill Stein ក៏បានស្នើឲ្យរាប់សន្លឹកឆ្នោតនៅរដ្ឋ Wisconsin និងរដ្ឋPennsylvania ផងដែរ។
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា គណកម្មាធិការរៀបចំការបោះឆ្នោតនៅរដ្ឋMichigan បានប្រកាសលទ្ធផលបោះឆ្នោត ដោយលទ្ធផលលោកដូណាល់ ត្រាំ យកឈ្នះលោកស្រីគ្លីនតុន តែ ១០.៧០៤ សម្លេងតែប៉ុណ្ណោះ ជួយឲ្យលោកត្រាំ ទទួលបានអាសនៈទាំង១៦នៅក្នុងរដ្ឋខាងលើ បង្កើនចំនួនអាសនៈរបស់លោកត្រាំ ឡើងដល់៣០៦ អាសនៈ ចំណែកលោកស្រីគ្លីនតុន វិញទទួលបានតែ ២៣២ប៉ុណ្ណោះ។ ដោយឡែក គណបក្សបៃតងរបស់លោកស្រីJill Stein ទទួលបានតែ ៥១,៤៦៣សម្លេងស្មើនឹង១ភាគរយនៃសន្លឹកឆ្នោតទូទាំងរដ្ឋ ។
លោកដូណាល់ ត្រាំ បានឈ្នះដាច់ ក្លាយជាប្រធានាធិបតីអាមេរិកទី៤៥ នៅក្នុងសម័យបោះឆ្នោត ថ្ងៃទី៨ វិច្ឆិកា ដែលជាការបោះឆ្នោតដោយសកលមិនផ្ទាល់ ដោយយោងលើចំនួនអាសនៈក្នុងរដ្ឋនីមួយ ហើយលោកត្រាំ ទទួលបាន៣០៦ ទល់នឹង២៣២សម្រាប់លោកស្រី គ្លីនតុន)។ ប៉ុន្តែបើគិតអំពីចំនួនសន្លឹកឆ្នោតពលរដ្ឋវិញ គឺលោកស្រី គ្លីនតុនទេ ជាអ្នកបានទទួលការគាំទ្រច្រើន ដោយនាំមុខលើសលោក ត្រាំ ដល់ទៅជាង២លាន២សែនសំឡេង។
ប៉ុន្តែពេញមួយចុងសប្តាហ៍នេះ ក្នុងបរិបទអន្តរកាលដែលប្រធានាធិបតីថ្មីមិនទាន់ស្បថចូលកាន់តំណែងជាផ្លូវការផង រឿងអាស្រូវបន្លំសន្លឹកឆ្នោតបានផុសឡើងយ៉ាងខ្លាំង ។ បេក្ខជនប្រធានាធិបតីឯករាជ្យនៃបក្សបៃតងបានទាមទារឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ នៅក្នុងរដ្ឋបី Wisconsin Pennsylvanie Michigan។ ខាងលោកស្រីគ្លីនតុន ដ៏បានប្រកាសចូលរួមក្នុងការរាប់សន្លឹកឆ្នោតនេះដែរ កាលពីថ្ងៃសៅរ៍ ។
ហេតុដូច្នេះ ហើយបានជាលោក ដូណាល់ ត្រាំ ផ្ទុះសំដីបរិហារតាមប្រព័ន្ធTwitter បកវិញថា មានការលួចបន្លំសន្លឹកឆ្នោតដ៏ធ្ងន់ធ្ងរនៅរដ្ឋ Virginia New Hampshire California ដែលលោកស្រីគ្លីនតុនជាឈ្នះហេតុអ្វីសារព័ត៌មានមិនចុះផ្សាយផង ?! លោកឈ្នះមិនមែនត្រឹមមានចំនួនប្រតិភូច្រើនទេតែសំឡេងប្រជាពលរដ្ឋគាំទ្រលោកក៏ច្រើនដែរប្រសិនបើគេដកចំនួនអ្នកទៅបោះឆ្នោតដោយខុសច្បាប់រាប់លាននាក់ចេញនោះ ៕ ម៉ែវ សាធី