ភ្នំពេញ៖ មិនទាន់ទម្លាក់ចេញពីរោងនៅភ្នំពេញនិងសៀមរាបផង ខ្សែភាពយន្តដ៏ល្បីល្បាញ”កំណត់ហេតុនាងនាថ” បានប្រកាសចេញទៅចាក់បញ្ចាំងជូនអ្នកគាំទ្ររបស់ខ្លួននៅលើទឹកដីខេត្តបាត់ដំបង និងខេត្តកំពង់ចាមចាប់តាំងពីដើមខែធ្នូនេះ។ អ្នកទស្សនានឹងមានពេលត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះក្នុងការទស្សនាហើយពួកគេក៏នឹងមានឱកាសជួបជាមួយតារាសម្តែងក្នុងខ្សែភាពយន្តខាងលើដោយផ្ទាល់ផងដែរ។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីខ្សែភាពយន្តខាងលើផ្ទុះចេញការគាំទ្រច្រើនលើសលប់ពីអ្នកទស្សនានិងបន្តធ្វើឲ្យអ្នកនិយមទស្សនាខ្សែភាពយន្តខ្មែរឈរ តម្រង់ជួរចូលទស្សនាដដែល។ “កំណត់ហេតុនាងនាថ”ដែលទទួលបានចំណាត់ថ្នាក់កំពូលតារាងនៅរោងភាពយន្តទំនើបៗនេះនឹងធ្វើការចាក់បញ្ចាំងជូនដល់អ្នក គាំទ្ររបស់ខ្លួននៅខេត្តបាត់ដំបងចំនួន២ថ្ងៃគឺថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ នេះ ហើយនឹងបន្តទៅចាក់បញ្ចាំងនៅលើទឹកដីនៃខេត្តកំពង់ចាមចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦។ នេះបើតាមការ បញ្ជាក់របស់អ្នកស្រី ចាន់ណា សុខឃីម ចាងហ្វាងផលិតកម្មឥន្ទ្រានិម្មិតភាពយន្តបានបញ្ជាក់ប្រាប់។
អ្នកស្រីលើកឡើងថាការចាក់បញ្ចាំងនៅតាមបណ្តាខេត្តខាងលើគឺស្របតាមការសំណូមពររបស់ទស្សនិកជនក្រោយពីខ្សែភាពយន្តនេះចាប់ផ្តើមផ្ទុះការគាំទ្រខ្លាំងនៅភ្នំពេញនិងខេត្តសៀមរាប។ អ្នកស្រីបញ្ជាក់ ដែរថា ក្រៅពីខេត្តទាំងពីរខាងលើផលិតកម្មគ្រោងនឹងចាក់បញ្ចាំងនៅតាមបណ្តាខេត្ត នានាដែលមានរោងកុននិងសាលមហោ ស្រពដែលអាចចាក់បានហើយពេលនេះអ្នកស្រីកំពុងតែមក ជួបជាមួយនឹងក្រុមការងាររោងភាពយន្តនៅខេត្តព្រះសីហនុទៀតដើម្បីកំណត់ថ្ងៃចាក់បញ្ចាំង។ បើទោះបីជា មិនទាន់អាចបញ្ជាក់អំពីចំនួនប្រាក់ចំណូល និងចំនួនអ្នកចូលមើលក្តីក៏អ្នកស្រីនៅតែដាក់ក្តីរំពឹងខ្ពស់ដដែលថាខ្សែភាពយន្តនេះអាចហក់ឡើងខ្ពស់ជាងខ្សែភាពយន្តដទៃខណៈដែលខ្សែភាពយន្តកន្លងទៅចាក់មិនបានមួយ សប្តាហ៍ផងត្រូវបានរោងភាព យន្តទម្លាក់ចោលប៉ុន្តែខ្សែភាពយន្ត”កំណត់ហេតុនាងនាថ” វិញនៅតែបន្តមានអ្នកចូលទស្សនាច្រើនលើសលប់ស្ទើររាល់ថ្ងៃហើយរោង ភាពយន្តមិនទាន់បានកំណត់ថ្ងៃនៃការចាក់ បញ្ចាំងនៅខេត្តព្រះសីហនុនៅឡើយទេបើទោះបីជាការចាក់ បញ្ចាំងមានរយៈពេលជាងមួយសប្តាហ៍មកហើយក្តី។
អ្វីដែលអ្នកស្រីចង់បញ្ជាក់ផងដែរនោះគឺការស្នើឲ្យទស្សនិកជនដែលមិនទាន់បានចូលទស្សនាមេត្តាបន្តជួយចូលរួមគាំទ្រស្នាដៃភាពយន្តរបស់កូនខ្មែរមុនពេលបញ្ចប់កំណត់កាលចាក់បញ្ចាំងព្រោះតែខ្សែភាពយន្តនេះនឹងមិនមានចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ឬតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនោះទេ៕ វឌ្ឍនា