ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្ទាវ ៧នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនឡើងតុលាការ កាលពីរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីបានឃាត់ខ្លួនក្នុងករណី ដេញវាយគ្នាបណ្តាលឲ្យរងរបួសធ្ងន់៣នាក់ នៅក្នុងវត្តរតនៈម៉ាឡៃ ស្ថិតក្នុងភូមិម៉ាឡៃ ស្រុកម៉ាឡៃ ។
លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកម៉ាឡៃបានឲ្យដឹងថា កាលពីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ មានក្មេងទំនើង១ក្រុមបានកាន់ដបស្រាបៀរ រត់ សម្រុកចូលក្នុងកន្លែងវង់រាំ ហើយវាយ ទៅលើក្រុមក្មេង១ក្រុមទៀត ដែលកំពុងរាំ បណ្តាលឲ្យរងរបួសធ្ងន់៣នាក់។ ភ្លាមៗនោះកម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃបានចុះធ្វើអន្តរាគមន៍ឃាត់ខ្លួនបានក្មេង ទំនើងម្នាក់ និងបន្តស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ ចំនួន៦នាក់ទៀត ។
លោកវរសេនីយ៍ត្រី ព្រហ្ម ថេង ប្រធាន មន្ទីរយុត្តិធម៌ក៏បានបញ្ជាក់ដែរថា ក្មេង ទំនើងទាំង៧នាក់មានឈ្មោះ រុណ សុធា ភេទប្រុស អាយុ២២ឆ្នាំ ឈ្មោះ សែម សីហា ឈ្មោះ វង់ ឆេម ឈ្មោះ ប៉ោះ ភារុណ ឈ្មោះ ឆោម សុខេម ឈ្មោះម៉ន ម៉ៃ និង ឈ្មោះ វី វន្ត អាយុ២៣ឆ្នាំ អ្នកទាំងអស់សុទ្ធ តែរស់នៅក្នុងស្រុកម៉ាឡៃ តែឃុំផ្សេងគ្នា ។
ក្រុមក្មេងទំនើងខាងលើនៅពេលមានកម្មវិធីបុណ្យ នៅក្នុងស្រុកម៉ាឡៃ តែងតែ បង្ករឿងវាយតប់គ្នាជាញឹកញាប់ ៕ សហការី