ព័ត៌មានទាន់ហេតុការណ៍៖

ខ្មាន់កាំភ្លើងបន្តវាយប្រហារទីតាំងត្រួតពិនិត្យនៅភាគខាងជើង

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាបានផ្សាយថា ខ្មាន់កាំភ្លើងក្រុម Kachin (KIA) និង ក្រុមរំដោះប្រជាជន Taang (TNLA) សហការគ្នាបើកការវាយប្រហារទៅលើទីតាំងឈរជើងរបស់កម្លាំងទាហាននៅ Kutkai និង Mongkoe ស្ថិតនៅរដ្ឋ Shan ភាគខាងជើងមីយ៉ាន់ម៉ាក្នុងរយៈពេល២ថ្ងៃកន្លងមក។

ទាហានមីយ៉ាន់ម៉ាបានឲ្យដឹងថា កម្លាំង ខ្មាន់កាំភ្លើងខាងលើបានវាយប្រហារទៅលើទីតាំង Kutkai នៅថ្ងៃទី៣០ ខែវិច្ឆិកា តែមិនបណ្តាលឲ្យមានអ្នករងរបួសឬស្លាប់នោះឡើយ។

កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ខ្មាន់កាំភ្លើងជនជាតិដើមបានវាយប្រហារបំផ្លាញស្ពាននៅ Muse ហើយវាយប្រហារក្រុមទាហាន រដ្ឋាភិបាលដែលកំពុងបញ្ជូនស្បៀងអាហារ ទៅកាន់កម្លាំងទាហានជួរមុខ។ ក្នុងថ្ងៃជាមួយគ្នានោះខ្មាន់កាំភ្លើងប្រមាណ៣០នាក់ក៏បានវាយប្រហារទីតាំងយោធានៅតំបន់ Mongkoe ផងដែរ។

កាលពីថ្ងៃទី៣០ ខែវិច្ឆិកា លោកស្រី អ៊ុងសាន ស៊ូជី បានបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរីដោយលោកស្រីបានថ្លែងនៅចំពោះមុខឥស្សរជនធំៗព្រមទាំងប្រធាន ក្រុមហ៊ុនវិនិយោគថា រដ្ឋាភិបាលលោកស្រីយល់ពីសារសំខាន់នៃការផ្សះផ្សាបង្រួប បង្រួមជាតិដើម្បីកសាងសន្តិភាព។ តែយ៉ាង ណាលោកស្រីមិនបានលើកឡើងអំពីករណី ប្រើប្រាស់អំពើហិង្សាធ្វើទៅលើសហគមន៍ជនជាតិអ៊ិស្លាមរ៉ូហ៊ីងយ៉ាដែលទាហានមីយ៉ាន់ម៉ាបានធ្វើកន្លងមកថ្មីៗនេះទេ។

សុន្ទរកថា នេះលោកស្រីបានថ្លែងនៅប្រទេសសិង្ហបុរីនៅថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ក្នុងជំនួបដែលលោកស្រីចូលរួមដើម្បីអូសទាញអ្នកវិនិយោគ។ ទោះបីយ៉ាងណាសុន្ទរកថារបស់លោកស្រីអ៊ុងសាន ស៊ូជី បានធ្វើឲ្យអ្នកតាមដានស្ថានការណ៍នៅមីយ៉ាន់ម៉ាមានការខកចិត្តយ៉ាងខ្លាំងដោយសារលោកស្រីមិនបានលើកឡើងឲ្យចំៗអំពី អំពើហិង្សានៅក្នុងរដ្ឋរ៉ាឃីន ភាគខាងលិចប្រទេសមីយ៉ាន់ម៉ាដែលទាហានមីយ៉ាន់ម៉ាបានធ្វើទុក្ខបុកម្នេញទៅលើសហគមន៍ជនជាតិអ៊ិស្លាមរ៉ូហ៊ីងយ៉ា។ ការមិនលើកឡើងមកនិយាយវាហាក់បង្ហាញពីការមិនអើពើយកចិត្តទុកដាក់ពីសំណាក់លោកស្រី ហើយ វាហាក់មានន័យថា លោកស្រីមិនចង់រាប់ បញ្ចូលជនជាតិរ៉ូហ៊ីងយ៉ាទៅក្នុងការបង្រួមបង្រួមជាតិទេ។

សូមបញ្ជាក់ថា ជនជាតិរ៉ូហ៊ីងយ៉ាក្នុងរដ្ឋ រ៉ាឃីនឬអារ៉ាខាន់មានប្រហែលជាជាង ១លាននាក់។ ពួកគេគឺជាប្រជាជនកាន់សាសនាអ៊ិស្លាម ហើយត្រូវបានអាជ្ញាធរមីយ៉ាន់ម៉ាចាត់ទុកថា ជាជនបរទេសដោយពុំត្រូវបានគេប្រគល់អត្តសញ្ញាណប័ណ្ណ ឬ លិខិតស្នាមអ្វីទេ បើទោះបីការពិតជាក់ស្តែង ជនជាតិរ៉ូហ៊ីងយ៉ាបានមករស់នៅក្នុងតំបន់នេះរាប់តំណមកហើយក្តី៕ ម៉ែវ សាធី

 

kachin-burma-kia_0

ខ្មាន់កាំភ្លើងក្រុម Kachin (KIA)


ចែករំលែក៖