ព័ត៌មានទាន់ហេតុការណ៍៖

សិល្បករ១២នាក់ដែលចាស់ជរាមានជំងឺ និងបញ្ហាជីវភាពទទួលអំណោយពីសប្បុរសជន

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មានសិល្បករ សិល្បការិនីចាស់ជរា មានជំងឺ និងមានបញ្ហាប្រឈមផ្នែកជីវភាពចំនួន១២រូបទទួលអំណោយពីសប្បុរសជន និងពិសារបាយសាមគ្គីរួមគ្នា។ កម្មវិធីនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦នៅភោជនីយដ្ឋាន សានសាននាមហាវិថីព្រះមុនីវង្ស ។

សប្បុរសជនដែលបានផ្តល់អំណោយ និងការលើកទឹកចិត្តនោះ គឺលោកឧកញ៉ាវ័យក្មេង ធី ឬទ្ធីសី និងឧកញ៉ាប៉ែន កាក់ ហើយសិល្បករ-សិល្បការិនីចាស់ៗទាំង១២រូបរួមមាន លោកតាកំប្លែងប៉ិក គក់ តារាចម្រៀងអាយ៉ៃលោកតាស្មៀនផ្លុង មឿក តារាកំប្លែងលោកតាសង់ ស៊ីស តារាកំប្លែងលោកយាយណយ សំណាង តារាកំប្លែងលោកតាវីតាមីន សេ តារាកំប្លែងលោកតា ចេក តារាកំប្លែងនាយ គ្រោង តារាកំប្លែងនាយ ឆើត តារាកំប្លែងនាយ ព្រីង តារាកំប្លែងនាយ ផ្លយ តារាកំប្លែងនាយ ស្មាញ និងតារាចម្រៀង លោកនូ ស៊ិប។ អំណោយចែកជូនសិល្បករ-សិល្បការិនីចាស់ៗទាំង១២រូប ដែលម្នាក់ៗទទួលបានអង្ករ, ទឹកត្រី, ទឹកស៊ីអ៊ីវ, ត្រីខ, ទឹកផ្លែឈើ និងថវិកាក្នុងម្នាក់ទទួលបានជាង១០០ដុល្លារ ។

លោកឧកញ៉ាធី ឬទ្ធីសី បានឲ្យដឹងថា “ការរៀបចំកម្មវិធីនេះឡើង ដើម្បីជាការលើកទឹកចិត្តដល់សិល្បករ-សិល្បការិនីចាស់ៗ ដែលមានស្នាដៃសំដែងរយៈពេលយ៉ាងយូរតាំងពីឆ្នាំ៧០ជាង ហើយពួកគាត់បានបន្សល់ទុកស្នាដៃជាច្រើនជូនជាតិ ។ ខ្ញុំធ្វើនេះ ដើម្បីលើកទឹកចិត្តពួកគាត់ឲ្យពួកគាត់មានកម្លាំងចិត្ត ទោះបីគាត់ចាស់ជាងហ្នឹងទៀត យើងនៅតែបន្តជួយគាត់និងលើកទឹកចិត្តគាត់រហូត។ លើកនេះខ្ញុំជួយបានសិល្បករ-សិល្បការិនីចាស់ៗចំនួន១២រូប ដែលកំពុងប្រឈមនឹងជីវភាពធ្ងន់ជាងគេ តែនៅលើកក្រោយទៀត ខ្ញុំនឹងជួយសិល្បករ-សិល្បការិនីចាស់ៗដទៃទៀត”។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវទៅដល់សប្បុរជនមួយចំនួនទៀត ដែលមានលទ្ធភាព សូមមេត្តាជួយឧបត្ថម្ភទៅដល់សិល្បករ-សិល្បការិនីចាស់ៗ ដែលគ្មានលទ្ធភាពនិងមានជីវភាពខ្វះខាតបន្ថែមទៀត ពីព្រោះពួកគាត់បានធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេសសប្បាយសើចនឹងការសម្តែងរបស់ពួកគាត់។ លោកឧកញ៉ាបន្តថា សប្បុរជនមួយចំនួនអាចជួយឧបត្ថម្ភជូនសិល្បករ-សិល្បការិនីចាស់ៗបាន ទោះបីជាច្រើនក្តីតិចក្តីចាត់ទុកថានេះជាសកម្មភាពចែករំលែក និងជួយគ្នាទៅវិញទៅមក។

តំណាងឲ្យសមាគមសិល្បករខ្មែរ លោក អ៊ឹម ជីវ៉ាបានថ្លែអំណរគុណ និងកោតសរសើរចំពោះទឹកចិត្តសប្បុរសជន ដែលបានជួយដល់សិល្បករដែលកំពុងមានជំងឺ និងការប្រឈមនឹងផ្នែកជីវភាព ដែលវាគឺជាការឆ្លុះបញ្ចាំងពីទឹកចិត្តអាណិតស្រលាញ់ ការចែករំលែក និងជួយគ្នាក្នុងគ្រាលំបាក ។ លោកថា ការផ្តល់អំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគនៅពេលនេះ គឺបង្ហាញពីការយល់ដឹងសុខទុក្ខគ្នាផងដែរគឺមិនមែនមានតែកម្មវិធីជួបជុំផឹកស៊ីនោះទេ។

គួរបញ្ជាក់ថាកន្លងមកលោកឧកញ៉ាវ័យក្មេង លោកធី ឬទ្ធីសី និងក្រុមការងារធ្លាប់បានចុះចែកអំណោយជាច្រើនជូនទៅដល់ជនចាស់ជរា និងប្រជាពលរដ្ឋខ្វះខាតក្នុងជីវភាពព្រមទាំងសិល្បករ-សិល្បការិនីទាំងក្មេងទាំងចាស់ៗជាច្រើនរូបទៀត ៕ វឌ្ឍនា

img_7494 img_7495 img_7496 img_7497 img_7500 img_7501 img_7507 img_7518 img_7543 img_7552 img_7571 img_7584


ចែករំលែក៖