ព័ត៌មានទាន់ហេតុការណ៍៖

ពិធីបើក​ការដ្ឋាន​ស្ថាបនា​បន្ថែម​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចំនួន​៤​ខ្សែ​បន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យទី០៤ ខែធ្នូ ឆ្នាំ២០១៦ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោកស្រីជាភរិយាបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានស្ថាបនាបន្ថែមស្ពានអាកាស និងផ្លូវក្រោមដីចំនួន៤ខ្សែបន្ថែមទៀតនៅស្ពានអាកាសក្បាលថ្នល់។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ដោយមើលឃើញពីការដោះស្រាយការកកស្ទះចរាចរណ៍ ដែលកំពុងកើតមាននៅតំបន់ស្ពានអាកាសក្បាលថ្នល់មិនទាន់ល្អប្រសើរនៅឡើយនោះ អាជ្ញាធររាជធានីភ្នំពេញនឹងស្ថាបនាស្ពានអាកាសចំនួន៣ និងផ្លូវក្រោមដី១ខ្សែបន្ថែមទៀត ដើម្បីកែលម្អ និងដោះស្រាយបញ្ហាចរាចរណ៍ ឱ្យបានរលូន ដូចស្ពានអាកាស និងផ្លូវក្រោមដីស្ទឹងមានជ័យ។

គម្រោងស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីបន្ថែមទៀត ចំពោះគម្រោងស្ពានអាកាស និងផ្លូវក្រោមដីដែលរដ្ឋបាលរាជធានីភ្នំពេញជ្រើសយកនោះ មានចំនួន៤ខ្សែ ទី១-ស្ពានស្របពីលើមហាវិថីព្រះនរោត្តមបត់ឆ្វេង ឡើងភ្ពាប់ទៅស្ពានព្រះមុនីវង្សថ្មី ទី២-តភ្ជាប់ពីស្ពានព្រះមុនីវង្សចាស់បត់កោងស្តាំឡើងទៅចាក់អង្រែ ទី៣-ផ្លូវស្របពីលើមហាវិថីព្រះមុនីវង្ស បត់ទៅនរោត្តម រួចបត់ស្តាំឡើងស្ពានវិញ និងទី៤-ផ្លូវក្រោមដី១ខ្សែទៀត មុជក្រោមដីពីចាក់អង្រែទៅចេញនៅមហាវិថីព្រះមុនីវង្សតែម្តង ។

ស្ពានអាកាសនេះ មានបណ្តោយមិនស្មើគ្នានោះទេ គឺចាប់ពី២២០ ដល់២៤០ម៉ែត្រ ទទឹងចាប់ពី៥ ទៅ៧ម៉ែត្រ ។ ចំណែកផ្លូវមុជក្រោមដីមានបណ្តោយ៣០៦ម៉ែត្រ ហើយបន្ទាប់ពីស្ថាបនារួច ការធ្វើចរាចរនៅតំបន់ស្ពានអាកាសក្បាលថ្នល់ និងមានភាពប្រសើរជាងមុនពោលគឺអាចដោះស្រាយបានប្រសើរឡើងដូចនៅតំបន់ស្ពានអាកាស និងផ្លូវក្រោមដីស្ទឹងមានជ័យដែរ៕

rs-3

rs-1 rs-2


ចែករំលែក៖