ហេតុការណ៍អគ្គិភ័យមួយបានកើតឡើងបណ្តាលឲ្យមនុស្សយ៉ាងតិច៩នាក់បាត់បង់ជីវិត និងច្រើននាក់ផ្សេងទៀតត្រូវគេអះអាងថា នៅបាត់ខ្លួននៅឡើយ ។
ការឆេះទីតាំងកម្សាន្តស្ថិតនៅក្នុងទីក្រុង Oakland កាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិកនេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ ហើយមូលហេតុ គេនៅមិនទាន់ដឹងនៅឡើយ ។
លោក Teresa Deloach Reed ប្រធានក្រុមពន្លត់អគ្គិភ័យ Oakland បានបញ្ជាក់ថា គេនៅមិនទាន់ច្បាស់ថា ករណីនេះបណ្តាលឲ្យមនុស្សប៉ុន្មាននាក់បាត់បង់ជីវិតឲ្យប្រាកដទេ ខណៈដែលនេះជាគ្រោះអគ្គិភ័យតែមួយគត់មិនធ្លាប់កើតមាន ។
មនុស្ស១៧៦នាក់បានមានគម្រោងជួបជុំគ្នាប្រារព្ធពិធីសប្បាយមួយនៅទីតាំងអគារកម្ពស់២ជាន់ខាងលើនេះ ហើយបន្ទាប់ពីហេតុការណ៍អគ្គិភ័យកើតឡើង គេបានរកឃើញសាកសព៩នាក់ រីឯច្រើននាក់ផ្សេងទៀតកំពុងនៅបាត់ខ្លួន ។
ក្រុមជួយសង្គ្រោះនិយាយថា ការជួយសង្គ្រោះមានការលំបាក ។ ដំបូលអគារបានបាក់មកបន្ថែមទៀត ខណៈដែលអគារជាន់ទី២នោះ ផ្លូវច្រកចេញ មានតែមួយ ។ ការជួយសង្គ្រោះបន្តរហូតដល់ថ្ងៃទី៤ ខែធ្នូ ប៉ុន្តែនៅមិនទាន់រកជនរងគ្រោះអស់នៅឡើយទេ ៕ ថាច់ យ៉ាត