ភ្នំពេញ៖ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានឲ្យដឹងថា លោក កឹម សុខា នឹងចូលរួមប្រជុំសភាពេញ អង្គនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ហើយលោកក៏អាចនឹងជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផងដែរ។
លោក យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់ថា ក្រោយពីការព្រះរាជទានទោសលើកលែងទោសដល់លោក កឹម សុខា លោកមានសិទ្ធិ សេរីភាពក្នុងការចេញធ្វើនយោបាយ ហើយ ក៏អាចនឹងចូលរួមប្រជុំសភាពេញអង្គហើយ ក៏មានឱកាសជួបគ្នាដែរ ។
លោកបានបន្តថា នេះជាការដោះស្រាយ បញ្ហានយោបាយរវាងខ្មែរនឹងខ្មែរហើយ នៅពេលខាងមុខនឹងមានការបន្តវប្បធម៌សន្ទនារវាងគណបក្សសំឡេងភាគច្រើនក្នុង រដ្ឋសភានិងគណបក្សសំឡេងភាគតិចក្នុង រដ្ឋសភាដើម្បីអង្គុយដោះស្រាយបញ្ហាជាតិធំៗជាមួយគ្នាដូចជាការបោះឆ្នោត និង បញ្ហាមួយចំនួនទៀត។ នៅពេលនោះគណ បក្សសង្គ្រោះជាតិនឹងលើកយកបញ្ហា នយោបាយដូចជាករណីលោក សម រង្ស៊ី ទៅពិភាក្សាដោះស្រាយជាមួយនឹងគណ បក្សកាន់អំណាចផងដែរ ។
សម្តេចតេជោ ហ៊ុន សែន បានធ្វើលិខិត ថ្វាយព្រះមហាក្សត្រកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ សូមព្រះមេត្តាប្រោសព្រះរាជទាននូវព្រះរាជក្រឹត្យលើកលែងទោសឲ្យ ទណ្ឌិតឈ្មោះ កឹម សុខា ប្រធានស្តីទីគណ បក្សសង្គ្រោះជាតិដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារពីបទ បដិសេធក្នុងការចូលខ្លួន ។
បន្ទាប់ពីទទួលបានលិខិតរបស់សម្តេច តេជោ ហ៊ុន សែន ព្រះមហាក្សត្របានចេញ ព្រះរាជក្រឹត្យលើកលែងទោសទណ្ឌិត កឹម សុខា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦។ ការ ព្រះរាជទានលើកលែងទោសនេះបានធ្វើឡើងបន្ទាប់ពីមានសំណើរបស់សម្តេច តេជោ ហ៊ុន សែន ។
ក្រោយពីមានសេរីភាពឡើងវិញលោក កឹម សុខា នឹងដឹកនាំក្រុមតំណាងរាស្ត្ររបស់ គណបក្សសង្គ្រោះជាតិចូលរួមប្រជុំសភា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦នេះ។ ជាមួយនឹងការចូលប្រជុំ សភាលោក កឹម សុខា ក៏ អាចមានគម្រោងជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ផងដែរ ៕ ហេង សូរិយា