នៅក្នុងសារកាលពីយប់ថ្ងៃទី៤ ខែធ្នូ ប្រធានាធិបតីថ្មីអាមេរិកលោក ដូណាល់ ត្រាំ បានរិះគន់យ៉ាងខ្លាំងដល់ប្រទេសចិន។
សារព័ត៌មាន Guardian បានផ្សាយថា លោក ដូណាល់ ត្រាំ បានថ្កោលទោស ប្រទេសអាស៊ីមួយនេះថា បានពង្រីក អំណាចនៅសមុទ្រចិនភាគខាងត្បូងគំរាមកំហែងដល់ប្រទេសជិតខាង។ មកទលពេល នេះគេមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យលោកត្រំាស្រាប់តែថ្កោលទោសចិនបែបនេះនៅឡើយទេ។
លោក ដូណាល់ ត្រាំ បានសរសេរថា «ចិនមានសួរយើងទេពីការបំផ្លាញតម្លៃរូបិប័ណ្ណធ្វើឲ្យក្រុមហ៊ុនអាមេរិកមិនអាចប្រកួត ប្រជែងបានដោយចិនបង្កើនពន្ធដារលើ ទំនិញរបស់អាមេរិក ចំណែកអាមេរិកវិញ មិនបានដំឡើងពន្ធចិនឡើយ។ មួយវិញទៀតចិនបានពង្រឹងកម្លាំងនៅតំបន់សមុទ្រ ចិនភាគខាងត្បូងទៀតផង»។
សារព័ត៌មាន Guardian បានផ្សាយថាការថ្កោលទោសខាងលើរបស់លោក ដូណាល់ ត្រាំ ទៅលើប្រទេសចិនក្រោយ ប៉ុន្មានម៉ោងដែលលោកត្រំាំបានទូរស័ទ្ទ សន្ទនាជាមួយមេដឹកនាំកោះតៃវ៉ាន់ដែលជាការចាប់ផ្តើមគោលនយោបាយថ្មីរវាងអាមេរិកនឹងចិន។
កាលពីថ្ងៃទី២ ខែធ្នូ ប្រធានាធិបតីអាមេ រិកជាប់ឆ្នោត ដូណាល់ ត្រាំ បានជួបពិភាក្សា តាមទូរស័ព្ទជាមួយមេដឹកនាំកោះតៃវ៉ាន់។ សកម្មភាពខាងលើរបស់លោក ត្រាំ នឹងធ្វើឲ្យរដ្ឋាភិបាលចិនកាន់តែខឹងសម្បាខ្លាំងឡើង។
លោកស្រី Hope Hicks អ្នកនាំពាក្យ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ជំនួបពិភាក្សាផ្តោតទៅលើទំនាក់ទំនងសេដ្ឋកិច្ច នយោបាយនិងសន្តិសុខ។ នេះជាលើកទីមួយ ហើយដែលប្រធានាធិបតីជាប់ឆ្នោតអាមេ រិកបានទូរស័ព្ទពិភាក្សាដោយផ្ទាល់ជាមួយមេដឹកនាំកោះតៃវ៉ាន់។ កាលពីឆ្នាំ១៩៧៩ ប្រធានាធិបតី Jimmy Carter បានទទួល ស្គាល់ «ចិនតែមួយគត់» ធ្វើឲ្យអាមេរិកមិនមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់។
មន្ត្រីការិយាល័យតំណាងតៃវ៉ាន់នៅ ទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា ការសន្ទនា ខាងលើមានលក្ខណៈជាប្រវត្តិសាស្ត្រ។ មកទល់ពេលនេះចិនមិនទាន់មានប្រតិកម្មអ្វីជុំវិញជំនួបពិភាក្សាខាងលើនៅឡើយ។ មន្ត្រីចិនធ្លាប់បានប្រកាសថា ចិនមិនទាន់ មានប្រតិកម្មដោយសារតែលោក ដូណាល់ ត្រាំ មិនទាន់ក្លាយជាប្រធានាធិបតីអាមេរិកពេញលេញ។
លោកស្រី Tsai Ing-wen គឺជាមេដឹកនាំ ១ក្នុងចំណោម៤ដែលមានទំនាក់ទំនង ជាមួយលោក ដូណាល់ ត្រាំ ក្រោយលោក ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។ កន្លងមកលោក ដូណាល់ ត្រាំ បានប្រកាស ថា លោកនឹងអនុវត្តនូវគោលនយោបាយ តឹងតែងជាមួយចិនជាងជំនាន់លោក អូបា ម៉ា ក្នុងនោះមានការបង្កើនកម្លាំងនៅក្នុងប្រទេសតំបន់អាស៊ី។ ប៉ុន្តែចំពោះទំនាក់ ទំនងជាមួយកោះតៃវ៉ាន់លោក ដូណាល់ ត្រាំ មិនបានប្រកាសនៅពេលឃោសនា បោះឆ្នោតពីការតភ្ជាប់ទំនាក់ទំនងឡើងវិញ ជាមួយតៃវ៉ាន់ឡើយ។
ចាប់តាំងពីលោក ដូណាល់ ត្រាំ ជាប់ឆ្នោតទំនាក់ទំនងរវាងចិននឹងអាមេរិកដូចជាមិនល្អប្រសើរជាងមុនឡើយ មានតែ យ៉ាប់យឺុនជាងមុនទៅទៀត បើទោះចិន បង្ហាញពីការគាំទ្រ ដូណាល់ ត្រាំ តែលោកបានអនុវត្តគោលនយោបាយយ៉ាងតឹងតែង ទៅលើចិនពិសេសគឺគោលនយោបាយសេដ្ឋកិច្ចពាណិជ្ជកម្ម។
ក្រៅពីចិនលោក ដូណាល់ ត្រាំ មាន ទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយប្រទេស ដទៃទៀតក្នុងនោះមានរុស្ស៊ីជាដើម។ កន្លង មកលោកប្រធានាធិបតី ពូទីន បានសំដែង សេចក្តីសង្ឃឹមថា ក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ រុស្ស៊ីមុខជានឹងអាចរៀបរយទំនាក់ទំនងជាមួយអាមេរិកឲ្យបានរលូនឡើងវិញ។ នៅពេលឃោនាសបោះឆ្នោតលោកត្រាំធ្លាប់បានបង្ហើបឲ្យដឹងពីគោល ជំហរបែបនេះដែរពីខាងលោក។ ប៉ុន្តែតាំងពីឥឡូវនេះទៅពីខាងមន្ត្រីខ្លះនៃរដ្ឋបាលលោក អូបាម៉ា ដែលសូម្បីជិតផុតអាណត្តិ ក្តីក៏ខំទូន្មានលោកត្រាំឲ្យប្រយ័ត្នប្រយែងជានិច្ចក្នុងទំនាក់ទំនងជាមួយរុស្ស៊ី។ មិន តែប៉ុណ្ណោះសភាតំណាងអាមេរិកាំងកាលពីថ្ងៃទី៣០ ខែវិច្ឆិកា បានចាប់ផ្តើមប្រយុទ្ធ ទៅហើយទល់នឹង «ឥទ្ធិពលស្ងាត់ៗ» ពី ខាងរុស្ស៊ី។
នៅមូស្គូថ្ងៃ៣០ ខែវិច្ឆិកាកន្លងទៅមានបើកធ្វើសម័យប្រជុំដ៏ឱឧឡារិឧទ្ទិសដល់ វិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីរុស្ស៊ីដ៏ឆ្នើម ក្នុងឋានៈជាអ្នកប្រាជ្ញខាងបញ្ហាមជ្ឈិមបូព៌ាការពារសែនរន្ទឺផលប្រយោជន៍រដ្ឋរុស្ស៊ី លោក Evgeny Primalov ដែលបានចែកឋានទៅកាលពីមួយឆ្នាំកន្លះមុនក្នុងជន្មាយុ ៨៥ឆ្នាំ។
លោក ពូទីន បានបញ្ជាក់ថា «ការបោះឆ្នោតនៅអាមេរិកបានចប់សព្វគ្រប់ទៅហើយ ជាង១ខែទៀតនឹងមានប្រធានាធិបតីថ្មីឡើង កាន់តំណែងក្នុងសេតវិមានក្រុងវ៉ាស៊ីនតោន។ ខ្ញុំចង់សំដែងនូវជំនឿថា ខណៈ នោះនឹងមានលេចចេញនូវភ័ព្វសំណាង ដើម្បីរៀបរយទំនាក់ទំនងរុស្ស៊ី-អាមេរិក ឲ្យបានធម្មតាវិញ ដ្បិតវាសំខាន់មិនគ្រាន់តែ សម្រាប់ប្រជាជនប្រទេសទាំងពីរប៉ុណ្ណោះទេ តែក៏សម្រាប់សហគមន៍អន្តរជាតិទាំងមូល សម្រាប់ធានាស្ថិរភាពនិងសន្តិសុខក្នុងលោក»។
លោក ពូទីន ក៏បានឲ្យដឹងថា នាកិច្ច សន្ទនាតាមទូរស័ព្ទពេលថ្មីៗជាមួយលោក ដូណាល់ ត្រាំ ភាគីទាំងពីរបានមូលមតិគ្នា ថា ទំនាក់ទំនងរុស្ស៊ី-អាមេរិកបច្ចុប្បន្នមិននាំឲ្យមានសោមនស្សឡើយ ម៉្លោះហើយបានជាត្រូវតែកែវាឲ្យប្រសើរឡើង។ ដូច ដែលខ្ញុំធ្លាប់បាននិយាយទៅហើយ ភាគី រុស្ស៊ីត្រៀមដើរឲ្យបានផុតចំណែករបស់ ខ្លួននៅលើផ្លូវនេះ»។
គួរនិយាយថា លោកត្រាំក៏ចង់មានទំនាក់ ទំនងស្រួលបួលដែរជាមួយលោក ពូទីន។ បំណងបែបនេះត្រូវបានគាត់បន្លឺឡើងក្នុងបទសម្ភាសន៍នាពេលថ្មីៗកន្លងទៅទៅកាន់ កាសែត The New York Time ។
ប៉ុន្តែតាំងពីឥឡូវទៅហើយនៅបស្ចិមលោកផ្ទាល់មានបន្លឺឡើងជាការទូន្មានលោក ត្រាំ ឲ្យប្រកាន់ឥរិយាបថមធ្យ័ត ក្នុងការសេពគប់ជាមួយរុស្ស៊ី។ ឧទាហរណ៍ នាយកចារកិច្ចអាមេរិកាំងលោក John Brennan ក្នុងសម្ភាសន៍ទៅកាន់ BBC បានទូន្មានលោកត្រាំឲ្យប្រយ័ត្នប្រយែង ចំពោះពាក្យសន្យារបស់រុស្ស៊ីក្នុងរឿងស៊ីរី។ តាម សម្តីគាត់ «ខ្ញុំមិនជឿឡើយថា រុស្ស៊ីនឹងសុខ ចិត្តធ្វើសម្បទានដរាបណាដែលគេចេះតែទទួលបានជោគជ័យលើសមរភូមិស៊ីរី»៕ ម៉ែវ សាធី