ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យប្រធានាធិបតីហ្វុីលីពីនថាអាចមាន កិច្ចពិភាក្សាអំពីបញ្ហាសមុទ្រចិនជាមួយកម្ពុជា

ចែករំលែក៖

 

ភ្នំពេញ៖ ប្រធានាធិបតីហ្វុីលីពីនលោក រ៉ូឌ្រីហ្គោ ឌុយទែរតេ (Rodrigo Duterte) នឹងបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានិងប្រទេសសិង្ហបុរីដែលជាផ្នែក មួយនៃដំណើរទស្សនាកិច្ចណែនាំខ្លួនរបស់លោកទៅកាន់បណ្តាប្រទេសមួយចំនួនក្នុង តំបន់អាស៊ានក្រោយពីឡើងកាន់តំណែងជាប្រធានាធិបតី។ នេះបើតាមសារព័ត៌មានស៊ិនហួចេញផ្សាយកាលពីយប់ថ្ងៃទី៩ ខែ ធ្នូ ឆ្នាំ២០១៦។

លោក ឌុយទែរតេ នឹងធ្វើដំណើរទស្សន កិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៣ និង១៤ ខែធ្នូ ឆ្នាំ២០១៦ ហើយក្រោយមកនឹងបន្តឆ្ពោះទៅកាន់ប្រទេស សិង្ហបុរី ចាប់ពីថ្ងៃទី១៥ ដល់ទី១៦ ខែធ្នូ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសហ្វុីលីពីនលោកCharles Jose បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននៅវិមាន Malacanang Palace ប្រទេសហ្វុីលីពីន ។

នៅក្នុងប្រទេសកម្ពុជាលោកឌុយទែរតេ នឹងចូលក្រាបថ្វាយបង្គំព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាហើយនឹងមានកិច្ចជំនួបទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន ផងដែរ។ បញ្ហា តំបន់សមុទ្រចិនភាគខាងត្បូងអាចនឹងត្រូវលើកឡើងក្នុងកិច្ចពិភាក្សាទ្វេភាគីរបស់លោក ឌុយទែរតេ ជាមួយសម្តេចតេជោ។ នេះបើយោងតាមសម្តីអ្នកនាំពាក្យក្រសួងការបរទេសហ្វុីលីពីនលោកCharles Jose។

លោក Charles Jose បានបន្ថែមថា កម្ពុជានិងហ្វុីលីពីនអាចនឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការកីឡាផងដែរ។ ក្រៅពីនោះ លោក ឌុយទែរតេ ក៏នឹងជួបជាមួយជនជាតិ ហ្វុីលីពីនប្រមាណ៥,០០០នាក់ដែលកំពុងរស់នៅកម្ពុជាមុននឹងបន្តដំណើរទៅកាន់ប្រទេសសិង្ហបុរី ។
ចំណែកនៅក្នុងប្រទេសសិង្ហបុរីវិញ លោកឌុយទែរតេ នឹងជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី លី ស៊ានឡុង អំពី មធ្យោបាយដើម្បីបង្កើនការវិនិយោគ និង ទំហំពាណិជ្ជកម្មទ្វេភាគី ពង្រឹងការការពារ ជាតិ និងកិច្ចសហប្រតិបត្តិការសន្តិសុខផងដែរ។ លោកប្រធានាធិបតីហ្វុីលីពីនក៏មានគម្រោងជួបជាមួយសហគមន៍ជនជាតិ ហ្វីលីពីននៅសិង្ហបុរីនាថ្ងៃទី១៦ ខែធ្នូ ៕ ហេង សូរិយា

as


ចែករំលែក៖