ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់ បានស្លាប់នៅពេលបញ្ជូនដល់ពាក់កណ្ដាលផ្លូវទៅកាន់មន្ទីរពេទ្យ ហើយស្ត្រម្នាក់ និងកូនស្រីរងរបួសធ្ងន់ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុក នឹងម៉ូតូកាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ លើផ្លូវលេខ២១០ កែង១០៥ ស្ថិតក្នុងភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
សមត្ថកិច្ចចរាចរណ៍នគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ព្រំ ហាន់ អាយុ៦៤ឆ្នាំ មុខរបរជាងផ្សាដែក មានទីលំនៅភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
ជនរងគ្រោះ បានបើកបរម៉ូតូម៉ាកWave ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង1B-7181ខូចខាតយ៉ាងដំណំ។ រីឯភាគីម្ខាងទៀត មានឈ្មោះ អ៊ុង សាមន អាយុ៣០ឆ្នាំ មុខរបរលក់ដូរ និងកូនស្រីឈ្មោះចាន់ សោភ័ណ្ឌ
អាយុ១៣ឆ្នាំ មុខរបរសិស្សមានទីលំនៅភូមិសំរោង ឃុំអង្គប្រស្រែ ស្រុករមាសហែក ។
តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានបុរសឈ្មោះ ព្រុំ ហាន់ អាយុ៦៤ឆ្នាំ បានធ្វើដំណើរដោយ ម៉ូតូហុងដាវ៉េវ ពណ៌ខ្មៅក្នុងទិសដៅពីជើងទៅត្បូងខណៈនោះ ស្រាប់តែមាន
ម៉ូតូម៉ាក C125 ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង 1F-0897 បើកបរដោយស្ត្រីម្នាក់ និងកូនស្រី ទិសដៅពីលិចទៅកើតដល់ផ្លូវបំបែកជា៤ក៏បុកគ្នាយ៉ាងពេញទំហឹងបណ្ដាលអោយមនុស្ស និងម៉ូតូដួលរណូករណែលពេញផ្លូវត្រូវបានប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្វមូលដ្ឋានមកអន្តរាគមន៍ដឹកភាគីទាំងសងខាង ប៉ុន្តែដោយបុរសឈ្មោះព្រំ ហាន់ រងរបូសធ្ងន់ ក៏ដាច់ខ្យល់ពាក់កណ្ដាលផ្លូវ ។
សមត្ថកិច្ចបន្តថា មូលហេតុដោយសារ ម៉ូតូហុងដាWave បើកមិនគោរពសិទ្ធិអាទិភាព ទើបជួបករណីនេះឡើង។ រីឯម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែង និងអូសមកកាន់
អធិការដ្ឋាននគរបាលក្រុងស្វាយរៀងចាត់ការបន្តតាមច្បាប់។
សពត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕ យឹម សុថាន