ភ្នំពេញ៖ នៅរសៀលថ្ងៃទៅ១៣ ខែធ្នូ ឆ្នាំ២០១៦នេះ លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) នឹងអញ្ជើញមកបំពេញទស្សនៈកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ កីឡាករប្រដាល់ដ៏ល្បីល្បាញរបស់ហ្វីលីពីន លោក ម៉ែននី ប៉ាគីវអាវ ក៏នឹងអញ្ជើញអមដំណើរលោកប្រធានាធិបតីមកប្រទេសកម្ពុជាផងដែរ។
នៅកម្មវិធីទស្សនកិច្ចនេះ លោក Rodrigo Duterte នឹងអញ្ជើញចូលជួបបង្គំគាល់ និងសវនាការជាមួយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ កម្មវិធីបន្តបន្ទាប់គឺលោកប្រធានាធិបតី នឹងអញ្ជើញជួបសំណេះសំណាលពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាពផងដែរ។
ក្នុងកំឡុងពេលស្នាក់នៅកម្ពុជា លោកប្រធានាធិបតីមនាកម្មវិធីជួបសំណេះសំណាលជាមួយពលរដ្ឋហ្វីលីពីនដែលកំពុងរស់នៅធ្វើការនៅកម្ពុជាទៀតផង។ ថ្នាក់ដឹកនាំប្រទេសទាំងពីរ កម្ពុជា – ហ្វីលីពីន នឹងធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន២ រួមមាន អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និង អនុស្សារណៈនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកីឡា៕