ភ្នំពេញ៖ លោក ឡាច ច័ន្ទសុវណ្ណ គ្រូការ៉ាតេដូ ទទួលបានខ្សែក្រវាត់៨ដាន់ពីលោកហង់ ជូនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ដើម្បីតបស្នងក្នុងការខិតខំប្រឹងប្រែងដឹកនាំកីឡាការ៉ាតេដូកម្ពុជា ឲ្យមានការរីកចម្រើនឈានទៅរកភាពជោគជ័យបន្ថែមទៀង លើឆាកអន្តរជាតិ។
លោក ហង់ ជូនណារ៉ុន មានប្រសាសន៍ថា មូលហេតុដែលរូបលោកផ្តល់ជូននូវខ្សែក្រវាត់កម្រិត៨ដាន់កិត្តិយស នេះ គឺដោយសារលោគ្រូ ឡាច ច័ន្ទសុវណ្ណ ធ្លាប់មានស្នាដៃជាច្រើន ក្នុងការជួយដល់វិស័យកីឡាការ៉ាតេដូកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមក ពិសេសលោកគ្រូមានកម្រិតខ្សែក្រវាត់ចំនួន៧ដាន់ អស់រយៈពេល៧ឆ្នាំរួចមកហើយ។
លោករដ្ឋមន្ត្រីបានបន្តទៀតថាលោក ឡាច ច័ន្ទសុវណ្ណមានខ្សែក្រវាត់១ដាន់ តាំងពីឆ្នាំ១៩៧៤ និងជាអ្នកទ្រទ្រង់សហព័ន្ធការ៉ាតេតាំងពីឆ្នាំ១៩៧៩ មកម្លេះ។ លោកគ្រូនៅតែបន្តអាជីព ក្នុងវិស័យកីឡាជំនាញមួយនេះជាប់ជាប្រចាំ និងបានប្រឡងថ្នាក់ដាន់បច្ចេកទេស ជាបន្តបន្ទាប់ ចុងក្រោយលោកបានប្រឡងជាប់ខ្សែក្រវាត់៧ដាន់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៩ កន្លងទៅ ។
សម្រាប់កម្រិត៨ដាន់ ជាដាន់កិត្តិយស ដែលគ្រូធំៗម្នាក់បានកសាងគុណសម្បត្តិពិសេសណាមួយជា ប្រយោជន៍ដល់វិស័យកីឡាជាតិ។ បន្ទាប់ពីលោគ្រូត្រូវបានបំពាក់ខ្សែក្រវាត់ខ្មៅបច្ចេកទេសចំនួន៧ដាន់ អស់ រយៈពេល៧ឆ្នាំរួចមក លោកគ្រូត្រូវបានបំពាក់ខ្សែក្រវាត់៨ដាន់កិត្តិយស ដោយបំពាក់ដោយស្ថាប័នគ្រប់គ្រង កីឡាសាមីខ្លួន ពុំមែនប្រទេសដទៃ ឬសហព័ន្ធកីឡាពិភពលោកឡើយ ដោយនេះជាច្បាប់ និងជាគោលការណ៍ នៃសហព័ន្ធកីឡាការ៉ាតេដូពិភពលោក។
ទន្ទឹមនឹងការបំពាក់ខ្សែក្រវាត់កិត្តិយសខាងលើនេះដែរ លោក ឡាច ច័ន្ទសុវណ្ណ បានប្តេជ្ញាចិត្តបន្តដឹកនាំ កីឡាការ៉ាតេដូកម្ពុជា ឲ្យកាន់តែមានភាពល្បីរន្ទឺឡើង ក្នុងបុព្វហេតុនាំកិត្តិយសជូនជាតិមាតុភូមិ ទុកជាការដឹងគុណដល់ថ្នាក់ដឹកនាំក្រសួងអប់រំ បានផ្តល់ជូននូវខ្សែក្រវាត់កិត្តយសដ៏ខ្ពង់ខ្ពស់មួយនេះ។ គ្រូការ៉ាតេដូ រូបនេះបន្តថា ខ្លួននឹងប្រើប្រាស់បច្ចេកទេស និងបទពិសោធន៍របស់លោកជួយបង្ហាត់បង្រៀន និងអភិវឌ្ឍន៍វិស័យកីឡាការ៉ាតេដូកម្ពុជា ឲ្យកាន់តែរីកចម្រើនឡើង ពិសេសទិសដៅសម្រាប់ឆ្នាំ២០២៣ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ។ សូមបញ្ជាក់ថា លោកគ្រូធំរូបនេះ បានកសាងមជ្ឈមណ្ឌលកីឡាប្រយុទ្ធកម្ពុជា-ជប៉ុន ដែលជាហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យវិស័យកីឡាប្រយុទ្ធរបស់ជាតិបានយ៉ាងប្រសើរ តាំងពីឆ្នាំ២០១៣មកម៉្លេះ ៕សារីម