ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានចាប់ ផ្តើមបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ក្នុងរយៈពេល២ថ្ងៃ ដើម្បីពង្រឹងទំនាក់ ទំនងប្រទេសទាំង២ឲ្យកាន់តែប្រសើរឡើង។
កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ លោក ពូទីន បានចាប់ផ្តើមទស្សនកិច្ចនៅប្រទេសជប៉ុន ហើយប្រធានបទដែលមេដឹកនាំទាំង២ត្រូវលើកមកពិភាក្សានោះគឺស្វែងរក ដំណោះស្រាយបញ្ចប់វិវាទដែនអធិបតេយ្យ។ បើទោះបីដឹងថា ដំណើរទស្សនកិច្ចនោះ មិនសូវមានផ្លែផ្កាយ៉ាងណាក៏ដោយប៉ុន្តែ ជប៉ុនការវិនិយោគចូលក្នុងប្រទេសរុស្ស៊ី និងការអូសទាញរុស្ស៊ីឲ្យឃ្លាតឆ្ងាយពិចិននៅក្នុងវិវាទជារឿងសំខាន់បំផុត។
នៅក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនៅទីក្រុងមូស្គូ និងតូក្យូសង្ឃឹមថាឥស្សរជនទាំង២រូបនេះនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៣០ សម្រាប់គ្រប់វិស័យ ពិសេសវិស័យថាមពល កសិកម្ម ឧស្សាហកម្ម និងបច្ចេកវិទ្យាជាន់ខ្ពស់។
ទំនាក់ទំនងរវាងរុស្ស៊ី នឹងជប៉ុនត្រូវបានរារាំងដោយកោះចំនួន ៤ នៅទីប្រជុំកោះ គូរីល ដែលបានធ្លាក់ក្រោមការកាន់កាប់ របស់សហភាពសូវៀតនៅក្រោយសង្រ្គាមលោកលើកទី២ តែជប៉ុនបានបន្តទាមទារជារបស់ខ្លួនមកដល់សព្វថ្ងៃ។ ជម្លោះដែនដីមួយនេះហើយដែលបានធ្វើឲ្យប្រទេសទាំង២មិនអាចចុះហត្ថលេខាលើសន្ធិ សញ្ញាសន្តិភាពរវាងគ្នា។ ស្ថានការណ៍រឹតតែតានតឹងខ្លាំងនារយៈពេលប៉ុន្មានខែកន្លងទៅ នៅពេលដែលរុស្ស៊ីបានពង្រឹងមូលដ្ឋានយោធានៅលើកោះចំនួន២ ក្នុងចំណោម កោះមានជម្លោះទាំង ៤ ព្រមទាំងដាក់ ពង្រាយប្រព័ន្ធការពារនៅក្បែរនោះទៀតផង។
លោកប្រធានាធិបតីរុស្ស៊ីពូទីន និងលោក នាយករដ្ឋមន្រ្តីជប៉ុនអាបេធ្លាប់បានទទួលស្គាល់ដូចគ្នាថា អវត្តមានសន្ធិសញ្ញាសន្តិភាពជាឆ្អឹងទទឹង ក ក្នុងការផ្តល់សន្ទុះទំនាក់ ទំនង និងការអភិវឌ្ឍសេដ្ឋកិច្ចរវាងរុស្ស៊ី នឹងជប៉ុនឲ្យបានច្រើនជាងនេះ។ តាំងពី ទសវត្សឆ្នាំ៥០ មកម្ល៉េះដែលមូស្គូ និងតូក្យូបានផ្តើមកិច្ចចរចាដើម្បីដោះស្រាយជម្លោះរុំារ៉ៃមួយនេះ តែនៅមិនទាន់អាចនិយាយចុះសម្រុងគ្នាបាននៅឡើយ។ រុស្ស៊ីធ្លាប់ បានបញ្ជាក់ថា ខ្លួនត្រៀមចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាមួយជប៉ុន តែ ជប៉ុនថា ខ្លួនក៏ត្រៀមរួចរាល់ដែរ តែត្រូវ មានលក្ខខណ្ឌមួយ។ លក្ខខណ្ឌនោះ គឺត្រូវ ដោះស្រាយជម្លោះទីប្រជុំកោះគូរីលឲ្យ ដាច់ស្រេចជាមុនសិន៕ ម៉ែវ សាធី