រថយន្តដឹកទំនិញមួយគ្រឿង បានបុករ៉ះនៅក្នុងផ្សារណូអែល ដែលមានមនុស្សកុះករកណ្តាលទីក្រុងប៊ែកឡាំងប្រទេសអាល្លឺម៉ង់បណ្តាលឲ្យមានមនុស្ស៩នាក់ស្លាប់ និង៥០នាក់រងរបួស ។
ហេតុការណ៍ខាងលើកើតឡើងកាលពីយប់ថ្ងៃទី១៩ ខែធ្នូ នៅពេលដែលមានមនុស្សជាច្រើននៅទីនោះ ពិសេសគឺកុមារ ដើម្បីទិញសម្ភារៈបុណ្យណូអែលជិតមកដល់ ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ប្រសិនបើនេះ ជាការវាយប្រហារភេរវកម្មនោះ គឺជាភេរវកម្មបង្ហូរឈាមសម្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រទេសអាល្លឺម៉ង់មិនធ្លាប់មានរយៈពេលមួយទសវត្សរ៍កន្លងមក។
លោក Emma Rushton អ្នកទេសចរណ៍មួយរូបបាននិយាយទៅកាន់សារព័ត៌មានCNNថាយើងឮសូរសំឡេងផ្ទុះយ៉ាងខ្លាំង ហើយក៏បានមើលឃើញដំបូលរថយន្តដឹកទំនិញបុកទៅលើ ស្តង់លក់ទំនិញនឹងមនុស្សជាច្រើននៅទីនោះ។ នៅពេលដែលរថយន្តបុកទៅលើហ្វូងមនុស្ស មានល្បឿនរហូតដល់ទៅ៦៥គីឡូម៉ែត្រក្នុងមួយម៉ោង។
ប៉ូលិសទីក្រុងប៊ែកឡាំងបានឲ្យដឹងថា ប៉ូលិសបានចាប់ខ្លួនជនជាប់ចោទម្នាក់ និងម្នាក់ទៀតស្លាប់នៅនឹងកន្លែង ។ ប៉ូលិសបានឲ្យដឹងថា ការបុករ៉ះខាងលើ គឺជាសកម្មភាពភេរវកម្ម។ នៅពេលនេះជនជាប់ចោទម្នាក់កំពុងតែសួរចម្លើយ តែអត្តសញ្ញាណមិនទាន់ប្រកាសឲ្យដឹងនៅឡើយ ។ រថយន្តដែលបុកនោះមានស្លាក់លេខប្រទេសប៉ូឡូញ ហើយប៉ូលិសអាល្លឺម៉ង់កំពុងទំនាក់ទំនង ទៅលើមន្ត្រីទទួលខុសត្រូវនៅប៉ូឡូញដើម្បីបញ្ជាក់ឲ្យបានច្បាស់។
ក្រោយការបើករថយន្តបុករះភ្លាមៗនោះ ក្រុមអិស្លាមIS បានចេញមុខទទួលស្គល់ថា ជាសកម្មភាពរស់ខ្លួន ។
ប្រធានាធិបតីអាមេរិកថ្មីដូណាល់ ត្រាំបានថ្កោលទោសការវាយប្រហារខាងលើ ដោយលោកបញ្ជាក់ថា ក្រុមអិស្លាមIS កំពុងតែសម្លាប់ក្រុមគ្រឹស្ទសាសនិក ជាផ្នែកមួយនៃសង្គ្រាមរបស់ពួកគេ។
រថយន្តខងលើគឺជារបស់ក្រុមហ៊ុនដឹកជិញជូនប៉ូឡូញ ។ តាមការឲ្យដឹងពីក្រុមហ៊ុន រថយន្តខាងលើ បានចូលទៅទឹកដីអាល្លឺម៉ង់ នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្ពោះទៅកាន់ទីក្រុងប៊ែកឡាំង ហើយក៏បាត់ទំនាក់ទំនងតែម្តង នៅវេលាម៉ោង១៦ ។
ហេតុការណ៍ខាងលើបានធ្វើឲ្យគេនឹកឃើញដល់ការបើករថយន្តបុកនៅទិវា ឯករាជ្យក្នុងប្រទេសបារាំងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ។ ពេលនោះ បុរសជនជាតិទុយនេស៊ី បើករថយន្តដឹកទំនិញ១៩តោនបុករ៉ះទៅលើហ្វូងមនុស្ស ដែលប្រមូលផ្តុំគ្នាមើលការបាញ់កាំជ្រួច បណ្តាលឲ្យមានអ្នកស្លាប់ដល់ទៅ៨៦នាក់ ការវាយប្រហារបែបនេះ ធ្វើឡើងដោយក្រុមISផងដែរ ។
ការបើករថយន្តបុកនៅទីក្រុងប៊ែកឡាំងកើតឡើងក្រោយពេលដែលក្រសួងការបរទេសអាមេរិក បានស្នើដល់ពលរដ្ឋរបស់ខ្លួនមានការប្រុងប្រយ័ត្ន ដោយក្រុមភេរវកម្មអាចវាយប្រហារនៅក្នុងឱកាសបុណ្យ ណូអែលនេះ៕ ម៉ែវ សាធី