ខេត្តកណ្តាលៈ ប្រធានភាស៊ីផ្សារក្នុងស្រុកស្អាងគឺលោក ប៉ោ សេង ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលលោក លឹម សុគន្ថា ចេញដីកាកោះហៅឲ្យចូលខ្លួនទៅកាន់សាលាដំបូងខេត្តនៅថ្ងៃ២៣ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៩ព្រឹក ដើម្បីឆ្លើយបំភ្លឺជុំវិញករណីយកលុយពីប្រជាពលរដ្ឋលក់ដូរតាមកញ្រ្ចែង កញ្ជើ និងល្អី ។
គួររំឮកថា នៅព្រឹកព្រលឹមស្រាំងៗ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ បុរសម្នាក់ឈ្មោះ ជី ដែលគេដឹងថាជាកូនចៅជំនិតរបស់លោក ប៉ោ សេង ប្រធានភាស៊ីផ្សារនៅក្នុងស្រុកស្អាង បានដើរទៅទាត់កញ្ច្រែងលក់ត្រីរបស់ប្រជាពលរដ្ឋនៅក្បែរចិញ្ចើមផ្លូវជាតិលេខ១១០ ត្រើយខាងកើតទន្លេបាសាក់ ត្រង់ចំណុចគល់ស្ពានព្រែកឃ្លោក ស្ថិតក្នុងភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ដើម្បីទារលុយថ្លៃភាស៊ីផ្សារ ។
ប្រជាពលរដ្ឋដែលរកត្រីបានជាលក្ខណៈគ្រួសារនិយាយថា ក្រោយពីនេសាទត្រីបានពីក្នុងបឹងធម្មជាតិពួកគាត់តែងតែយកត្រីទាំងនោះដាក់ក្នុងកញ្ច្រែង កញ្ជើ និងល្អី ដាក់លក់ក្បែរចិញ្ចើមផ្លូវជាតិលេខ១១០ ត្រង់ចំណុចគល់ស្ពានព្រែកឃ្លោក ព្រោះចំណុចនេះជាទីប្រជុំជននៅពេលជិតភ្លឺ ។ ការដាក់លក់ត្រីនៅក្បែរចិញ្ចើមផ្លូវ ត្រូវបានឈ្មោះ ជី ជាកូនចៅជំនិតរបស់លោក ប៉ោ សេង ប្រធានភាស៊ីផ្សារនៅក្នុងស្រុកស្អាង តាមទារលុយថ្លៃភាស៊ីជារៀងរាល់ព្រឹក ។ ពលរដ្ឋបន្តថា ក្នុងមួយកញ្ច្រែង កញ្ជើ និងល្អី ត្រូវបានឈ្មោះ ជី តម្រូវឲ្យបង់លុយចំនួន៥០០រៀល ,១០០០រៀល និង២០០០រៀល តាមត្រីតិចឬច្រើន ក្នុងករណីប្រជាពលរដ្ឋណាមិនព្រមបង់លុយ ឈ្មោះ ជី បានតាមទាត់កញ្ច្រែងត្រីខ្ទេចខ្ទីគ្មានសល់នោះទេ ។
តាមសេក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅឃុំត្រើយស្លាបានឲ្យដឹងថា រហូតមកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ នេះកូនចៅលោក ប៉ោ សេង នៅតែបន្តយកលុយពីប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ និងល្អី នៅឡើយទេ។ ប្រជាពលរដ្ឋបាននាំគ្នាសំណូមពរដល់លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ពិសេសសម្តេចតេជោ ហ៊ុន សែន មេត្តាពិនិត្យមើលប្រជាធានភាស៊ីផ្សារក្នុងស្រុកស្អាងនេះផង ៕ស្អាងជ័យ