ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋប្រទះឃើញសាកសព២នាក់អណ្ដែតទឹកនៅកន្លែងផ្សេងគ្នា

ចែករំលែក៖

ខេត្ដសៀមរាប៖ ប្រជាពលរដ្ឋបានប្រទះឃើញសពអណ្ដែតទឹក ចំនួនពីរនាក់ នៅកន្លែងផ្សេងគ្នា ដែលគេសង្ស័យ លង់ទឹកស្លាប់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅស្រុកក្រឡាញ់ ខេត្ដសៀមរាប។

លោកវរសេនីយ៍ត្រីជីបេងជនអធិការនគរបាលស្តីទីស្រុកក្រឡាញ់បានឲ្យដឹងថា ករណីទី១ កើតឡើងនៅត្រង់ចំណុចដងស្ទឹងផ្លាំងស្ថិតក្នុងភូមិល្បើកប្រិយ៍ ឃុំរោងគោស្រុកក្រឡាញ់ ខេត្តសៀមរាបជនរងគ្រោះមានឈ្មោះចាបថីភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅភូមិកើតហេតុ។

យោងតាមការបំភ្លឺរបស់អ្នកភូមិនិងកូនចៅរបស់ជនរងគ្រោះបានប្រាប់សមត្ថកិច្ចនគរបាលយើងថាជីតាឫឪពុកដែលជាជនរងគ្រោះបានផឹកស្រាស្រវឹង ហើយចេញពីផ្ទះតាំងពីល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦មកម្លេះ ដោយមិនដឹងទៅណា ហើយក្រុមគ្រួសារបានដើររកដែរតែរកមិនឃើញ រហូតដល់ឃើញស្លាប់នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។ ចំណែក សាកសពទី២ កើតឡើងនៅត្រង់ចំណុចប្រឡាយទឹកមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦៨ ខាងត្បូងភូមិចន្លាស់ដៃឃុំចន្លាសដៃស្រុកក្រឡាញ់ ខេត្តសៀមរាបជនរងគ្រោះមានឈ្មោះអនរ៉ុងហៅហឿនភេទប្រុស អាយុ២៨ឆ្នាំរស់នៅក្នុងភូមិកើតហេតុ។

យោងតាមការបំភ្លឺរបស់អាណាព្យាបាលនៃសពបានរៀបរាប់ប្រាប់សមត្ថកិច្ចយើងថា នៅវេលាម៉ោង១០ និង១៥នាទីព្រឹកថ្ងៃដ៏ដែល ជនរងគ្រោះបានទៅបង់ត្រីនៅប្រឡាយខាងត្បូតភូមិពេលកំពុងបង់ប្រហែលកើតជំងឺស្កន់ជ្រូកធ្វើឲ្យជនរងគ្រោះធ្លាក់ទឹកប្រកាច់ស្លាប់តែម្តងទៅ។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋសមត្ថកិច្ចនគរបាលស្រុកបានចុះទៅធ្វើការត្រួតពិនិត្យសាកសពដោយយោទៅតាមការបំភ្លឺរបស់អាណាព្យាបាលនិងអ្នកភូមិព្រមទាំងកូនចៅផងនោះ សមត្ថកិច្ចនគរបាលបានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតមែន ពីព្រោះនៅលើរូបរាងកាយសាកសពពុំមានស្លាកស្នាមអ្វីដែលគួរឲ្យកត់សំគាល់ថាជាករណីឃាតកម្មនោះទេ។

បច្ចុប្បន្នសាកសពទាំង០២នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ ជា និរន្ទន៍

bs-3 bs-1 bs-2


ចែករំលែក៖