ព័ត៌មានទាន់ហេតុការណ៍៖

កីឡាការិនីវាយតឺន្នីស PETRA KVITOVA ត្រូវជនមិនស្គាល់មុខចាក់របួសធ្ងន់

ចែករំលែក៖

កីឡាការិនី Petra Kvitova ដែលជាជើងឯក Wimbledon ២ជំនាន់ បានរងរបួសដោយសារជនមិនស្គាល់មុខយកកាំបិតចាក់នៅផ្ទះរបស់នាង ហើយបានទទួលការវះកាត់លើប្រអប់ដៃឆ្នេងរបស់នាង។ នេះបើតាមការឲ្យដឹងពីសហព័ន្ធកីឡាតឺន្នីសឆេកប្រកាសកាលពីថ្ងៃពុធ ។

ការវះកាត់ដែលចំណាយពេល៣ម៉ោងនិង៤៥នាទី បានប្រកាសឲ្យដឹងថា របួសដៃឆ្វេងរបស់កីឡាការិនីសញ្ជាតិឆេកម្នាក់នេះ មានសណ្ឋានធ្ងន់ធ្ងរបំផុត ប៉ុន្តែគ្មានហេតុផលណានាំឲ្យយល់ឃើញថានាងមិនអាចលេងការប្រកួតវាយតឺន្នីសម្តងទៀតឡើយ។ នេះបើតាមការឲ្យដឹងពីលោក Karel Tejkal អ្នកនាំពាក្យរបស់កីឡាការិនី Petra Kvitova។

កីឡាការិនី Petra Kvitova នឹងអវត្តមានពីការប្រកួត Australian Open និងការប្រកួតជាច្រើនទៀតប្រចាំរដូវកាលថ្មី ខណៈដែលរូបនាងមិនអាចវិលត្រឡប់មកហ្វឹកហាត់ពេញលេញវិញបាន រយៈពេល៣ខែ ។

កីឡាការិនី Kvitova បានដាច់សរសៃប្រអប់ដៃឆ្វេងរបស់នាងជាមួយនឹងរបួសជាច្រើនទៀតលើម្រាមដៃទាំង៥របស់នាង។ ជើងឯកវាយតឺន្នីសឆ្នាំ២០១១ និង២០១៤នៅក្លិប All England Club រូបនេះបាននិយាយថា នាងពិតជាមានសំណាងខ្លាំងណាស់ដែលអាចនៅរស់បានពីការវាយប្រហារកាលពីព្រឹកថ្ងៃអង្គារនៅទីក្រុងភាគខាងកើត Prostejov របស់ប្រទេសឆេក។

នាង Kvitova បានសរសេនៅលើ Twitterថា ដើម្បីការពារខ្លួន នាងបានរងរបួសធ្ងន់ត្រង់ប្រអប់ដៃឆ្វេងរបស់នាង។ នាងពិតជាតក់ស្លុតខ្លាំងណាស់ ប៉ុន្តែវាពិតជាសំណាងណាស់ដែលនាងអាចនៅរស់ ។

មន្ត្រីប៉ូលិសក្រុង Prostejov បានអះអាងថា ជនមិនស្គាល់មុខដែលចាក់ទៅលើកីឡាការិនី Petra Kvitova គឺជាបុរសម្នាក់មានវ័យប្រហែល៣៥ឆ្នាំ បានរត់គេចចេញពីកន្លែងកើតហេតុ ហើយបច្ចុប្បន្នកម្លាំងប៉ូលិសកំពុងតាមចាប់ ៕

nita-22-a-24-full


ចែករំលែក៖