ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នគរបាលខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម ឡាវ រួមមានចំនួន០៦ ខេត្ត ខេត្តរតនគិរី និងស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា ខេត្តយ៉ាឡាយ និងខេត្តកន្ទូម នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងខេត្តអត្តពឺ ខេត្តសេកង នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបើកកិច្ចប្រជុំស្តីពី កិច្ចសហប្រតិបត្តការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ តំបន់ជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា វៀតណាម ឡាវ លើកទីបី នៅសណ្ឋាគាររតនសុីធីក្រុងបានលុង ខេត្តរតនគិរី ។
កិច្ចប្រជុំនេះធ្វើឡើងយោងតាមផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០១៥ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសន្តិសុខសាធារណ:(ឡាវ) និងក្រសួងនគរបាល(វៀតណាម) ។
ថ្លែងបើកកិច្ចប្រជុំលោក ថង សាវុន អភិបាលខេត្តរតនគិរី បានថ្លែងនូវការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អក្នុងឋានៈជាខេត្តជាខេត្តជាប់ភូមិផងរបងជាមួយគ្នា សំដៅរួមចំណែកក្នុងការពង្រឹងការទំនាក់ទំនងឲ្យមានភាពល្អប្រសើរ និងពង្រីកការចាត់តាំងការអនុវត្តឲ្យចេញជារូបរាងនូវរាល់លទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលបានឯកភាពគ្នាក្នុងរយៈពេលកន្លងមក ជាពិសេសការអនុវត្តនូវសេចក្តីថ្លែងការទាំង១០ ចំណុចនៃកិច្ចប្រជុំកំពូលលើកទី៨ នៅទីក្រុងវៀងចន្ទ និងអនុវត្តតាមស្មារតីកិច្ចប្រជុំលើកទី៩របស់គណៈកម្មាធិការសម្របសម្រួលចម្រុះស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម ឡាវ (CLV) កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤នៅខេត្តសៀមរាម ដោយផ្តោតលើការទំនាក់ទំនង រឹតចំណងសាមគ្គីភាព មិត្តភាព ភាតរភាពជាប្រពណីល្អ ការយោគយល់ និងជឿទកចិត្តគ្នាទៅវិញទៅមកដោយធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសុវត្ថិភាពល្អប្រសើរក្នុងការងារទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពបង្ករភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដូចជា៖ ការដាំដុះ ការផលិត ការដឹកជញ្ជូន ការជួញដូរ ការរក្សាទុក ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស អាវុធជាតិផ្ទុះ ការរត់ពន្ធទំនិញខុសច្បាបការលួចកាប់ឈើ ការទិញលក់ ការដឹកជញ្ជូនឈើ ផល អនុផលព្រៃឈើ ខុសច្បាប់ ការលួចកាប់គាស់សម្បត្តិធម្មជាតិ រួមទាំងបទល្មើសផ្សេងៗទៀត ព្រមទាំងបានផ្តល់លទ្ធភាពសំខាន់ដល់កិច្ចអភិវឌ្ឍន៍នៅតាមតំបន់ព្រំដែន ឲ្យមានការរីកចម្រើនគ្រប់វិស័យ ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋទាំងសងខាង ។
លោក ក៏បានជំរុញឲ្យនគរបាលខេត្តជាប់ព្រំដែននៃប្រទេសទាំងបី ធ្វើការទំនាក់ទំនងឲ្យកាន់តែល្អប្រសើរលើវិស័យមនុស្សធម៌ សិទ្ធមនុស្ស ដោយមិនប្រើហិង្សា ឬឈានដល់ការប្រើប្រាស់អាវុធដែលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋណាមួយនៃប្រទេសទាំងបីដោយប្រការណាមួយឡើយក្នុងករណីមានការលួចឆ្លងដែន ឬប្រព្រឹត្តបទល្មើសខុសច្បាប់ឆ្លងដែន។
អង្គប្រជុំក៏បានចុះហត្ថលេខារួមលើខ្លឹមសារកំណត់ហេតុដែលមានចំនួន១១ ចំណុចសម្រាប់កិច្ចសហប្រតិបត្តិការបន្តឆ្នាំ២០១៧ផងដែរ ៕ វុទ្ធឦសាន