ភ្នំពេញ៖ កីឡាករ KeisukeHonda ខ្សែប្រយុទ្ធរបស់ក្រុមបាល់ទាត់ AC Milan និងជាជម្រើសជាតិរបស់ជប៉ុន បានបង្ហាញសមត្ថភាព និងក្តីសង្ឃឹមខ្លះដល់កុមារកម្ពុជា ព្រមទាំងផ្ញើសារមួយចំនួន ដើម្បីក្រើនរំលឹក ដល់កុមារ និងយុវជនកម្ពុជា ក្នុងឱកាសដែល Keisuke Honda បង្ហាញសមត្ថភាពដល់កុមារកម្ពុជាប្រមាណ១០០នាក់កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នៅពហុកីឡដ្ឋានជាតិ ក្រោមការស្វាគមន៍ពីសំណាក់ លោក សៅ សុខាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោយចូលរួមសម្តែងការគូរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ។
កីឡាករHonda បាននិយាយថា ការតាំងចិត្តកំណត់គោលដៅ ទើបអាចសម្រេចនូវអនាគតបានល្អ បើទោះបី បច្ចុប្បន្នមិនទាន់ទទួលបានជោគជ័យ តែគង់សម្រេចនាថ្ងៃណាមួយពុំខានឡើយ។ ក្នុងនោះកីឡាករ កីឡាករ KeisukeHonda បានផ្ញើសារចំនួន៣ឃ្លាសម្រាប់ក្រើនរំលឹក និងដាស់តឿនស្មារតីកុមារកម្ពុជា៖ «កុមារត្រូវជៀសឲ្យផុតពីគ្រឿងញៀន ចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលេងកីឡា» ។
គូររលឹកថា លោកKeisuke Honda មកដល់ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ដោយបានចូលជួបសម្តែងការគួរសម ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងថ្នាក់ដឹកនាំកីឡាក្នុងប្រទេសកម្ពុជា ព្រមទាំងបានធ្វើសន្និសីទសារព័ត៌មាន មុនរូបគេចាក់ចេញពីកម្ពុជា៕ សារីម