ក្លិបបាល់ទាត់ Burnleyនៅក្នុងក្របខ័ណ្ឌអង់គ្លេសPremier Leagueបានចុះហត្ថលេខានាំយក កីឡាករវ័យ៣៤ឆ្នាំ Joey Barton មកលេងវិញរហូតដល់ចប់រដូវកាលឆ្នាំ២០១៧។
ខ្សែបម្រើ Joey Bartonបានជួយក្រុមBurnley ឈ្នះជើងឯកអង់គ្លេសChampionshipកាលពីរដូវកាល មុន ប៉ុន្តែគាត់មិនបន្តលេងឲ្យក្រុមនេះនៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេសទេ បែរជាទៅចូលរួមក្រុម Rangersនៅក្នុងប្រទេសស្កុតឡេន។
កីឡាករJoey Bartonពុំទទួលជោគជ័យនៅក្នុងក្រុម Rangers ឡើយដោយមានរឿងអាស្រូវជាច្រើន ដូចជា មានជម្លោះ ជាមួយនឹងមិត្តរួមក្រុមនៅពេលហ្វឹកហាត់ ប្រព្រឹត្តខុសនឹងច្បាប់បាល់ទាត់នៅក្នុងក្របខ័ណ្ឌស្កុតឡេន ហើយពិសេសគាត់បានភ្នាល់១២៦០ដងនៅចន្លោះឆ្នាំ២០០៦ ដល់ឆ្នាំ២០១៦។
ពេលនេះJoey Bartonនឹងអាចចូលរួមក្រុមBurnleyប្រកួតជាមួយនឹងក្រុមSunderlandក្នុងកម្មវិធី អង់គ្លេសFA Cupនៅថ្ងៃសៅរ៍នេះ ៕ ដេវីត