ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង០៦និង១៥នាទីព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត RAV4(រ៉េហ្វ័រ) បុកគូថរថយន្តយីឌុបដឹកគ្រឿងសំណង់ ចតចោលលើចិញ្ចើមថ្នល់ជាតិលេ០៦ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង២នាក់រងរបួស ស្ថិតនៅក្នុងភូមិទួលដំណាត់ ឃុំចុងដូង ស្រុកបារាយណ៍ខេត្តកំពង់ធំ។
តាមប្រភពពីសមត្ថកិច្ចនគរបាលចរាចរណ៍បានអោយដឹងថា រថយន្ត RAV4 ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2P8441 បានជិះគ្នា៣នា់ក់ បើកបរក្នុងល្បឿនលឿន ពីត្បូងទៅជើងស្របទិសគ្នាមកដល់កន្លែងកើតហេតុ បានជ្រុលចង្កូតទៅបុករថយន្ត ម៉ាកហ៊ីយ៉ាន់ដាយចំណុះ៥តោន ពាក់ស្លាកលេខ កំពង់ធំ 3A1500 ពេញទំហឹង បណ្តាលអោយដែកថ្នាំងអំពៅ បុកចំអ្នករួមដំណើរដែលអង្គុយកៅអីមុខមុតចំក្រោមដើមដោះខាងស្តាំចំនួន៣ដើមធ្លាយកៀបជាប់បណ្តាលឱ្យស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ ឯតៃកុងរថយន្តត្រូវជាឪពុកមាបង្កើត និងម្នាក់ទៀតត្រូវជាម្តាយបង្កើតជនរងគ្រោះ រងរបួសស្រាល។
សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះទី១ ឈ្មោះទី សៀង ហុក ភេទប្រុស អាយុ២៤ ឆ្នាំ (ស្លាប់) ទី២ ឈ្មោះ ឡុង ប៉ូឡែន ភេទប្រុស អាយុ៣៦ឆ្នាំ និងទី៣ ពុំស្គាល់ឈ្មោះត្រូវជាម្ដាយជនរងគ្រោះ ទាំង៣នាក់ រស់នៅក្រុងភ្នំពេញ ចំណែកខាងតៃកុងរថយន្តហ៊ីយ៉ាន់ដាយបានរត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នរថយន្តទាំង២គ្រឿង ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកបារាយណ៍រង់ចាំ ភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់ រីឯសាកសពជនរងគ្រោះត្រូវបានសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៊ុន រិទ្ធី