ដូចអ្វីដែលលោក ពូទីន បានប្រកាសថាទាហានរុស្ស៊ីមិនអាចជាប់ផុងនៅក្នុង សង្គ្រាមស៊ីរីនោះឡើយ។ ក្រោយពេលទាហានរុស្ស៊ីជួយដល់ទាហានស៊ីរីវាយប្រហារ ដណ្តើមបានទីក្រុងអាឡែបប៉ូមកវិញ រុស្ស៊ីក៏បានសម្រេចកាត់បន្ថយចំនួន អាវុធនិងទាហាននៅក្នុងប្រទេសស៊ីរីដែរ។
នៅពេលនេះក្រសួងការពារជាតិរុស្ស៊ីចាប់ផ្តើមបន្ថយកងកម្លាំងយោធាខ្លួនដែលមានវត្តមាននៅស៊ីរីការបន្ថយនេះប្រព្រឹត្តទៅដោយការចាកចេញមុនដំបូងពីសមុទ្រមេឌីទែរ៉ាណេនៃក្រុមនាវាចម្បាំងនាំមុខដោយនាវាផ្ទុកយន្តហោះ ឈ្មោះ “សេនា ប្រមុខ Kouznetsov ដែលបានទៅប្រចាំការ នៅទីនោះតាំងពីពាក់កណ្តាលខែវិច្ឆិកា សម្រាប់ជួយគាំទ្រដល់កងទ័ពរដ្ឋាភិបាលស៊ីរីក្នុងការប្រយុទ្ធទល់នឹងពួកជីហាដនៃ អង្គការរដ្ឋអ៊ិស្លាម”។
មេបញ្ជាការកងទ័ពរស្ស៊ីឧត្តមសេនីយ Valeri Guerassimov បញ្ជាក់ថា ការដក ទ័ពចេញនេះជាលទ្ធផលនៃការចូលរួមរបស់ យន្តហោះយោធារុស្ស៊ីហោះចេញពីនាវា ផ្ទុកយន្តហោះនោះទៅធ្វើប្រតិបត្តិការទល់នឹងពួកភេរវជន លុះត្រាតែបានជួយកង ទ័ពស៊ីរីឲ្យរំដោះបានដូចចិត្ត ទីក្រុងអាឡែប ទាំងមូលដែលជាទីក្រុងទី២ និងជាទីក្រុងសេដ្ឋកិច្ចប្រទេសស៊ីរីដែលជាជោគជ័យធំបំផុតសម្រាប់កងទ័ពស៊ីរីក្នុងសង្គ្រាមដែលបានពន្យារទៅអស់ជាង៥ឆ្នាំ។ គួរបញ្ជាក់ ថា សង្គ្រាមនេះបានផ្តាច់ជីវិតមនុស្សអស់ជាង៣សែន១ម៉ឺននាក់ទៅហើយ។
ការសម្រេចខាងលើក្រោយពីរបាយ ការណ៍របស់មេបញ្ជាការក្រុមទ័ពរុស្ស៊ីប្រចាំ នៅស៊ីរីលោកឧត្តមសេនីយ៍ឯក Andrei Kartapolov ដែលថា ក្នុង២ខែកន្លងទៅ ពួកពីឡុតនៃកងយន្តហោះប្រចាំការនៅលើនាវាផ្ទុកយន្តហោះ “សេនាប្រមុខ Kouznetsov “ បានហោះចេញទៅប្រតិបត្តិ ការចំនួនជាង៤២០លើកកម្ទេចទីដៅពួកភេរវជនអស់១.២៥២កន្លែងទាំងក្នុងលក្ខណៈ អាកាសធាតុមិនអនុគ្រោះឡើយ។ ដូច្នេះ ភារកិច្ចដែលមានចោទត្រូវបានបំពេញ រួចដូចចិត្តមែន។
លោកប្រធានាធិបតីពូទីនកាលពីពាក់កណ្តាលឆ្នាំ២០១៦ធ្លាប់បានប្រកាសឲ្យ ដកចេញខ្លះៗទៅហើយ អង្គភាពទ័ពរុស្ស៊ី នៅស៊ីរី ប៉ុន្តែបន្ទាប់មកមូស្គូបានបង្ខំចិត្តបង្កើនវត្តមានយោធាខ្លួនឡើងវិញនៅទីនោះមកពីការប្រយុទ្ធក្នុងប្រទេសស៊ីរីបាន មានសន្ទុះខ្លាំងក្លាជាថ្មី។ គឺតាំងពីចុងខែ កញ្ញាឆ្នាំ២០១៥ ដែលកងអាកាសរុស្ស៊ី បានចូលខ្លួនធ្វើអន្តរាគមន៍ក្នុងផ្ទៃអាកាសស៊ីរីសម្រាប់ជួយដល់កងទ័ពរបបលោក ប្រធានាធិបតី Bashar al Assad ដែលជា សម្ពន្ធមិត្តធំបំផុតរបស់រុស្ស៊ី៕ ម៉ែវ សាធី