មន្ត្រីការបរទេសរុស្ស៊ីមួយរូបប្រចាំនៅប្រទេសក្រិច បានស្លាប់នៅក្នុងផ្ទះផ្ទាល់ខ្លួន ក្រោយរយៈពេល១ខែដែលអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសទួគីរងការបាញ់សម្លាប់។
ប៉ូលិសប្រទេសក្រិចបានផ្តល់ព័ត៌មានដល់ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងអាទែនថា លោក Andrey Malanin អាយុ៥៤ឆ្នាំ បានប្រទះឃើញស្លាប់នៅក្នុងផ្ទះផ្ទាល់ខ្លួននៅទីក្រុងអាទែន ប្រទេសក្រិចកាលពីរសៀលថ្ងៃទី៩ខែមករា ឆ្នាំ២០១៧។ ផ្ទះមន្ត្រីការបរទេសខាងលើមានការយាមកាមយ៉ាងតឹងតែង។
នៅពេលដែលមិនឃើញទៅធ្វើការនៅថ្ងៃទី៩ ខែមករា មិត្តរួមការងាររួមទាំងប៉ូលិស បានដើរស្វែងរកនៅជុំវិញផ្ទះ ហើយប្រទះឃើញលោកដេកស្លាប់នៅលើបន្ទាប់ដេក ។
សារព័ត៌មាន BBC បានផ្សាយថា តាមលទ្ធផលការធ្វើកោសល្យវិច័យបានបង្ហាញឲ្យឃើញថា លោកAndreyMalani ស្លាប់ដោយសារតែខ្យល់គរ ប៉ុន្តែប៉ូលិសនៅតែបើកការស្រាវជ្រាវ បញ្ជាក់ឲ្យបានច្បាស់ពីមូលហេតុ ពិតបណ្តាលឲ្យមន្ត្រីការបរទេសវ័យ៥៥ឆ្នាំស្លាប់ ។ ប៉ូលិសមិនបានរកឃើញសញ្ញានៃមានការវាយប្រហារណាមួយ នោះឡើយ ហើយក៏មិនមានអ្នកណាម្នាក់ចូលទៅក្នុងផ្ទះរបស់លោកនោះដែរ ។
ការស្លាប់ខាងលើរបស់មន្ត្រីការបរទេសរុស្ស៊ី កើតឡើង ក្រោយពេលប៉ុន្មានសប្តាហ៍ដែលអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសទួគីរងការបាញ់សម្លាប់ ហើយជនដៃដល់ក៏ជាប៉ូលិស ការពារផ្ទាល់ផងដែរ ។
ការបាញ់ប្រហារនោះធ្វើឲ្យមានសំនួរជាច្រើនចោទសួរថាហេតុអ្វីបាជាមន្ត្រីស្ថានទូតរុស្ស៊ីនៅក្រៅប្រទេសក្លាយទៅជាគោលដៅនៃការធ្វើឃាត់។ រដ្ឋាភិបាលរុស្ស៊ីបានស្នើដល់ក្រុមសន្តិសុខបង្កើនការការពារមន្ត្រីស្ថានទូតទាំងអស់នៅក្រៅប្រទេស ចៀសផុតពីការវាយប្រហារកើតឡើងដូចពេលកន្លងមក៕ ម៉ែវ សាធី