ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង ម្នាក់ទៀត បានរងរបួសបាក់ជើង ខណៈដែលក្រុមយុជនទាំងនេះត្រឡប់ពីហូបបបរមាន់នៅខេត្ត ។ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២យប់ឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ ម្នាក់ឈ្មោះ អ៊ុន តារា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិកែវឡាត ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង ម្នាក់ទៀត មានឈ្មោះ តាំង ប្រូ ភេទប្រុសអាយុ១៣ឆ្នាំ រស់នៅភូមិអូពន្លៃ ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះមានគ្នា៤នាក់ បានមកហូបការ ក្រោយពីហូបការរួចរាល់ ពួកគេបានបបួលគ្នាមកហូបបបរមាន់ នៅឯទីរួមខេត្ត ជិះម៉ូតូចំនួន២គ្រឿង បន្ទាប់ពីហូបបបរមាន់នៅទីរួមខេត្តរួចពួកគេបានត្រឡប់មកវិញ ដែលជនរងគ្រោះទាំងពីរនាក់នេះ ជិះម៉ូតូម៉ាកហ្ស៊ុយស៊ុយគី ណិច ពាក់ស្លាកលេខភ្នំពេញ១CU-២០១៣ ក្នុងដំណើរពីត្បូងទៅជើង ពេលដល់ចំណុចកើតហេតុ ក៍ត្រូវរថយន្តធុនធំមួយគ្រឿងដែលធ្វើដំណើរច្រាសទិសគ្នា បានបុកម៉ូតូជនរងគ្រោះពេញមួយទំហឹង បណ្តាលអោយជនរងគ្រោះឈ្មោះអ៊ុន តារ៉ា ស្លាប់ភ្លាមៗនៅកន្លែង និង អ្នកជិះជាមួយឈ្មោះតាំង ប្រូរងរបួសបាក់ជើងម្ខាង ដឹកទៅសង្រ្គោះនៅខេត្តបាត់ដំបង ។ ចំណែកឯរថយន្ត បានបើកគេចបាត់ស្រម៉ោលតែម្តង ៕ ចន្ថា