ខេត្តកណ្ដាលៈ មុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន៤នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំបង្រ្កាបចាប់ខ្លួនជាបន្ដបន្ទាប់ ដកហូតវត្ថុតាងថ្នាំញៀន១៥កញ្ចប់និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
ប្រតិបត្ដិការបង្រ្កាបចាប់ខ្លួនមុខសញ្ញាជួញដូ រនិងប្រើប្រាស់គ្រឿងញៀននេះធ្វើឡើងកាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ភូមិសំប៉ាន ឃុំកោះធំខ ស្រុកកោះធំ ។
លោកវរសេនីយ៍ទោ ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ប៉ាល់ ឆាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទី២-ឈ្មោះ វ៉ាន ស្រ៊ាង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទី៣-ឈ្មោះ ហ៊ិន គឹមសុង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ ទាំង៣នាក់នេះមានទីលំនៅភូមិសំប៉ាន ឃុំកោះធំខ ស្រុកកោះធំ ទី៤-ឈ្មោះ ពួក ប៊ុនធឿន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ។
ក្នុងប្រតិបត្ដិការបង្រ្កាបចាប់ខ្លួនជនសង្ស័យនេះសមត្ថកិច្ចធ្វើការដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១៥កញ្ចប់តូច ,ទូរស័ព្ទដៃ៥គ្រឿង ,ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ពាក់ស្លាកលេខកណ្ដាល1N-6156 ,សម្ភារៈសម្រាប់វិចខ្ចប់និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត ។
លោកវរសេនីយ៍ទោ ឈឿន ប៊ុនឆន បានបន្ដថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា នៅក្នុងភូមិសាស្រ្ដឃុំកោះធំខ មានមុខសញ្ញាជួញដូរគ្រឿងញៀនរួចមក លោកបានដឹកនាំកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវរហូតឈានដល់ចាប់ខ្លួនជនល្មើសឈ្មោះ ប៉ាល់ ឆាង និងជនល្មើសឈ្មោះ វ៉ាន់ ស្រ៊ាង កំពុងធ្វើសកម្មភាពសេពគ្រឿងញៀន ។ បន្ទាប់ពីធ្វើការសាកសួរបឋមទៅលើជនល្មើសទាំង២នាក់នេះ សមត្ថកិច្ចបានឈានទៅដល់ចាប់ខ្លួនជនល្មើស២នាក់បន្ថែមទៀតដកហូតបានវត្ថុតាងពាក់ព័ន្ធខាងលើនេះ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ